ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកស្រាវជ្រាវអាមេរិកនៅវិទ្យាស្ថាន AidData បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ស្ថាប័នហិរញ្ញវត្ថុចិនបានផ្តល់ប្រាក់កម្ចី១,៣៤ទ្រីលានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២១។
ស្របពេលដែលការសន្យាផ្តល់ប្រាក់កម្ចីបានកើនឡើងដល់ជិត១៣៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៦ ប្រទេសចិននៅតែប្តេជ្ញាផ្តល់ប្រាក់កម្ចី និងជំនួយចំនួនជិត៨០ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដែលចាប់យកគម្រោងជិត២១.០០០ នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យមចំនួន១៦៥។
ជាមួយគ្នានេះ ទីក្រុងប៉េកាំងបានរងនូវការរិះគន់ពីបណ្តាប្រទេសលោកខាងលិច ខណៈគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតាមប្រទេសកំពុងអភិវឌ្ឍន៍នានា ដែលផ្តល់មូលនិធិដោយប្រទេសចិន បានធ្វើឱ្យពួកគេមានបញ្ហាបំណុល ដែលមិនអាចសងត្រឡប់ទៅវិញបាន។
ក្នុងឆ្នាំ២០១៣ នៅពេលដែលប្រធានាធិបតីចិន លោកសុី ជីនពីង បានប្រកាសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកំពុងអភិវឌ្ឍន៍ គេសង្កេតឃើញថា បណ្តាធនាគារគោលនយោបាយរបស់ប្រទេសចិនបានគ្របដណ្តប់ជាងពាក់កណ្តាលនៃការផ្តល់ប្រាក់កម្ចី។
យោងតាមរបាយការណ៍របស់វិទ្យាស្ថាន AidData ដែលជាមន្ទីរពិសោធន៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ William and Mary បានបង្ហាញថា “ទីក្រុងប៉េកាំងកំពុងស្វែងរកតួនាទីដែលមិនធ្លាប់ស្គាល់ និងមិនងាយស្រួល ក្នុងនាមជាម្ចាស់បំណុលផ្លូវការដ៏ធំបំផុតរបស់ពិភពលោក”។
របាយការណ៍ដដែលបានរកឃើញថា ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនត្រូវបានគិតជាប្រាក់យ័ន ខណៈប្រាក់កម្ចីជារូបិយប័ណ្ណចិនបានវ៉ាដាច់ប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ហើយការទូទាត់សងហួសកាលកំណត់ទៅឱ្យធនាគារចិនក៏បានកើនឡើងផងដែរ៕







