ធនាគារ ADB និងទីភ្នាក់ងារ JICA គ្រោងដាក់ឱ្យដំណើរការមូលនិធិហេដ្ឋារចនាសម្ព័ន្ធថ្មី សម្រាប់ជួយដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានព្រមព្រៀងគ្នាក្នុងការបង្កើតមូលនិធិថ្មីមួយក្នុងគោលបំណងជួយជំរុញហេដ្ឋារចនាសម្ព័ន្ធឯកជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ស្ថាប័នទាំង២បានគូសបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ ថា មូលនិធិថ្មីនេះមានឈ្មោះថា មូលនិធិហេដ្ឋារចនាសម្ព័ន្ធឯកជននាំមុខគេនៅតំបន់អាស៊ី 2 (LEAP2)។ មូលនិធិនេះ នឹងមានដើមទុនរហូតដល់១,៥ពាន់លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារ JICA។

មូលនិធិLEAP2 ដែលជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី បានធ្វើឡើងមួយសប្តាហ៍ មុនកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានលើកឡើងថា “ខ្ញុំរំពឹងថា មូលនិធិ LEAP 2 នឹងជួយជំរុញការវិនិយោគ និងប្រាក់កម្ចីបន្ថែមទៀតឆ្ពោះទៅរកវិស័យថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ាន” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គឺជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងធនាគារ ADB ដែលប្រឈមមុខនឹងការប្រកួតប្រជែងពីការវិនិយោគរបស់ចិន ប៉ុន្តែប្រទេសចិនក៏ជាសមាជិកមួយរបស់ធនាគារនេះផងដែរ។

មូលនិធិថ្មីនេះនឹងគាំទ្រដល់គម្រោងនានាដែលផ្តោតលើប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី អ៊ូសបេគីស្ថាន និងវៀតណាម ដូចជាគម្រោងពាក់ព័ន្ធនឹងការកាត់បន្ថយការបំភាយកាបូន ការថែទាំសុខភាព ការអប់រំ និងកសិកម្ម។

មូលនិធិ LEAP2 បានប្តេជ្ញាចិត្ត ក្នុងការផ្តល់សហហិរញ្ញប្បទានជាង១ពាន់លានដុល្លារសម្រាប់រយៈពេល៧ឆ្នាំទៅលើគម្រោងចំនួន៣៥ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១៤នៅក្នុងតំបន់៕Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here