តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ ដោយប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ មុនចេញផ្សាយទិន្នន័យអត្រាអ្នកមានការងារធ្វើរបស់អាមេរិក ខណៈក្រុមពាណិជ្ជករសង្ឃឹមសម្រាប់ការធ្លាក់ចុះនៃទីផ្សារការងារ ដើម្បីបង្កើនឱកាសនៃការបញ្ចុះអត្រាការប្រាក់ដោយធនាគារ Fed នៅដើមខែមីនា។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣% ដល់២០២៩,៩២ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 1925 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,១% មកនៅត្រឹម២០៤៦,៤០ដុល្លារក្នុងមួយអោន។

កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតកំពូល ដែលមិនធ្លាប់មាន ពោលគឺ២១៣៥,៤០ដុល្លារក្នុងមួយអោន មុនពេលធ្លាក់ចុះមកវិញជាង១០០ដុល្លារ ដោយសារភាពមិនច្បាស់លាស់លើពេលវេលានៃការបញ្ចុះអត្រាការប្រាក់។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះ០,០៥ភាគរយ មកនៅត្រឹម១០៣,៦៣ពិន្ទុនៅថ្ងៃសុក្រនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមពាណិជ្ជកររំពឹងយ៉ាងខ្ពស់ថា ធនាគារកណ្តាលអាមេរិក(Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤% ដល់២៣,៧៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង២,១% ដល់៩០៨,៧៤ដុល្លារ ក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង២,៨% ដល់៩៦៩,៩៤ដុល្លារ ក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here