ការវិនិយោគលើវិស័យថាមពលរបស់ប្រទេសចិនអាចនឹងកើនលើស១៣,៧ពាន់ពាន់លានដុល្លារនៅឆ្នាំ២០៦០

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារព័ត៌មានXinhua បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមហ៊ុន State Grid Corp មកថា ការវិនិយោគរបស់ប្រទេសចិនក្នុងវិស័យថាមពលរបស់ខ្លួនអាចនឹងកើនលើសពី១០០ពាន់ពាន់លានយ័ន(ប្រហែល១៣,៧ពាន់ពាន់លានដុល្លារ) ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៦០។

ការវិនិយោគនេះគឺស្របតាមការសន្យារបស់ប្រធានាធិបតីចិនលោក សុី ជីនពីង សម្រាប់ប្រទេសចិនក្នុងការសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យ រួមទាំងកាបូនឌីអុកស៊ីត (CO2) នៅឆ្នាំ២០៦០។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា  ប្រសិនបើគោលដៅនេះសម្រេចបាន នោះវាអាចជួយទប់ស្កាត់ការកើនឡើងកំដៅផែនដីចន្លោះពី០,២ទៅ០,៣អង្សាសេនៅក្នុងសតវត្សនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សារពត៌មាន Xinhua បានដកស្រង់សម្តីរបស់ក្រុមហ៊ុន State Grid ដែលបានបញ្ជាក់នៅក្នុងសៀវភៅដែលបានចេញផ្សាយកាលពីថ្មីៗនេះថា “សកម្មភាពថាមពលគឺជាប្រភពចម្បងនៃការបំភាយកាបូនឌីអុកស៊ីតនៅក្នុងប្រទេសចិន”។

ក្នុងឆ្នាំ២០២២ ក្រុមហ៊ុនថាមពលធំៗនៅក្នុងប្រទេសចិនបានបោះទុនវិនិយោគសរុបចំនួន១,២៥ពាន់ពាន់លានយ័ន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារពត៌មាន China News Services ដែលបានរាយការណ៍ ដោយដកស្រង់សម្តីពីសមាគមសហគ្រាសសាងសង់ថាមពលអគ្គិសនីចិន។

តួយ៉ាង ការវិនិយោគលើការផលិតថាមពលពន្លឺព្រះអាទិត្យនៅឆ្នាំ២០២២របស់ប្រទេសចិន បានកើនឡើង២៣២,៧ភាគរយដល់ទំហំទឹកប្រាក់២៨៦,៦ពាន់លានយ័ន។

នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំឆ្នាំនៃទីផ្សារថាមពលកកើតឡើងវិញកំពូលទាំង៤០ នៅទូទាំងពិភពលោក ដែលវាយតម្លៃដោយក្រុមហ៊ុនប្រឹក្សា EY នៅឆ្នាំនេះ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here