ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល គម្រោងបោស សម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤នៅកម្ពុជា ប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។
តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន កម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ។
ក្នុងពិធីចុះហត្ថលេខានេះ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់ បានសម្រេចចិត្ដផ្តល់នូវហិរញ្ញ ប្បទានបន្ថែមចំនួន ៥លានដុល្លារនូវែលសេឡង់ ស្មើនឹងជាង ៣,១លានដុល្លារអាម៉េរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤នៅកម្ពុជា ដែលសម្របសម្រួលដោយអង្គការUNDP ។
តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ។
ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ បានលើកឡើងថា សកម្មភាពមីននៅកម្ពុជា ពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តមបានកោតសរសើរកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អ ក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រ ចូលក្នុងសកម្មភាពមីន ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបាន សមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ ដើម្បីធានាសម្រេចបានគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ។
ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណចំពោះរដ្ឋាភិ បាល និងប្រជាជន នៃប្រទេសនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ។ កាលពីឆ្នាំ២០២១ ប្រទេសនូវែលសេឡង់ បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ចំនួន ៣,៨លានដុល្លារអាម៉េរិក ៕