តម្លៃប្រេងកើនឡើង ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃប្រេងកាលពីថ្ងៃពុធ នឹងជួយកាត់បន្ថយសម្ពាធអតិផរណាបន្ថែមទៀត និងជួយជំរុញដល់ទីផ្សារមូលបត្របំណុលសកលលោក។

ជាមួយគ្នានេះ ក្រុមវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យការងារសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

ជាក់ស្តែងសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅ ក្រៅ ប្រទេស ជប៉ុន បាន ធ្លាក់ ថ្លៃចុះ០,៥ភាគរយ ក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៧ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,២៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៤៣ភាគរយ។

នៅពេលនេះ ក្រុមពាណិជ្ជករមើលឃើញឱកាសខ្ពស់បំផុត ដែលធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ ក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ និងមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងខែមីនា ឆ្នាំ២០២៤។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗចំនួន៦ បានប្រែប្រួលតិចតួចមកនៅត្រឹម១០៤,១២ពិន្ទុ ដោយបានងើបឡើងថ្លៃ០,១៧ភាគរយពេញមួយយប់។

ចំណែក តម្លៃប្រេងបានងើបឡើងបន្តិចវិញនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ចុះអស់ជិត៤ភាគរយ កាលពីថ្ងៃពុធ។ ការព្រួយបារម្ភអំពីតម្រូវការប្រេងឥន្ធនៈសកលបានធ្វើឱ្យតម្លៃប្រេងដាំក្បាលចុះ បើទោះបីជាអង្គការ OPEC+ ប្តេជ្ញាថាពួកគេនឹងរឹតបន្តឹងលើការផ្គត់ផ្គង់តាមរយៈការកាត់បន្ថយការផលិតប្រេងយ៉ាងណាក្តី។

តម្លៃប្រេងឆៅ Brent futures បានងើបឡើង០,៤% ដល់៧៤,៦០ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិក US West Texas Intermediate futures បានងើបឡើង០,៥% ដល់៦៩,៧៣ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here