តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ដែលជំរុញដោយការធ្លាក់ចុះនៃផលប័ត្ររតនាគារ ខណៈអ្នកវិនិយោគរំពឹងថា វដ្តនៃការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក (Federal Reserve) បានបញ្ចប់ហើយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤% ដល់២០២៧,៤៨ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោងសកល 2010 GMT) ខណៈដែលតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៦%ដល់២០៤៧,៩០ដុល្លារក្នុងមួយអោន។

តម្លៃហាងឆេងមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺ២១៣៥,៤០ដុល្លារក្នុងមួយអោន កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ មុនពេលធ្លាក់ថ្លៃចុះជាង១០០ដុល្លារមកវិញ ដោយសារភាពមិនច្បាស់លាស់លើពេលវេលានៃការកាត់បន្ថយអត្រាការប្រាក់។

ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលទិន្នន័យអត្រាអ្នកមានការងារធ្វើ ក្រៅពីវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃសុក្រ មុនកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកនៅសប្តាហ៍ក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daniel Pavilonis អ្នកយុទ្ធសាស្រ្តផ្នែកទីផ្សារជាន់ខ្ពស់នៅក្រុមហ៊ុន RJO Futures បានលើកឡើងថា “ការរំពឹងទុកនៃការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុរបស់អាមេរិកគឺជាកត្តាជំរុញដ៏ធំបំផុតនៃតម្លៃមាសនៅពេលនេះ ហើយតម្លៃមាសអាចហក់ឡើងកាន់តែខ្ពស់រហូតដល់ឆ្នាំក្រោយ”។

អ្នកយុទ្ធសាស្រ្តផ្នែកទីផ្សាររូបនេះបានបន្ថែមថា “ភាពតានតឹងភូមិសាស្ត្រនយោបាយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យតម្លៃហាងឆេងមាសហក់ឡើងខ្ពស់ សម្រាប់រយៈពេលដែលនៅសេសសល់ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ”។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៩% មកនៅត្រឹម២៣,៩២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ១% មកនៅត្រឹម៨៩០,៣៥ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានងើបឡើង១,៣% ដល់៩៤៦,៣១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here