កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្មវិធីជាតិជំនួយសង្គមនឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។

សម្តេចធិបតី ថ្លែងបែបនេះនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ពេលអញ្ជើញប្រកាស​ដាក់​ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធីជាតិជំនួយសង្គម ជាគោល​នយោ​បាយ​អាទិ​ភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលប្រកាស​ដាក់ឱ្យអនុវត្តន៍​នៅក្នុង​ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារជំងឺកូវីដ១៩ និងបញ្ហាអតិផរណាប្រមាណ ១៣៥៥លានដុល្លារនៅឆ្នាំ២០២១ និងប្រមាណ ៦០០លានដុល្លារ នៅឆ្នាំ២០២២។

សូមជម្រាបថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍បិរយាបន្ន និងសមធម៌ និងការជៀសវាង បាននូវការធ្លាក់ចុះយ៉ាង ហុក​នៃប្រាក់ចំណូលសម្រាប់គ្រួសារ ដែលធ្លាប់ទទួលបានប្រាក់ឧបត្តម្ភកន្លងមក។ ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងក្លាយជាទម្រនៅពេលកម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩បានបញ្ចប់ ដោយចាក​ចេញ​បន្តិចម្តងៗ រយៈពេល ៣ខែ ចាប់ពីខែមករា ឆ្នាំ២០២៤, ការអនុវត្តផ្លូវការនូវក្រប​ខណ្ឌកម្មវិធីជាតិ​ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ នឹងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៤ តទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ និងបានគ្រោងចំណាយថវិកាប្រមាណ ៦៧៤,៥ ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លាក្នុងឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here