រយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញស្រូវនិងអង្ករបានជាង៤លានតោន គិតជាទឹកប្រាក់ជាង ១ ៥០០លានដុល្លារ

(ភ្នំពេញ)៖ នៅរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ ខណៈនាំចេញស្រូវជិត ៤លានតោន គិតជាទឹកប្រាក់ជាង ១១០០លានដុល្លារ។ នេះបើតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៥ ៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះប្រទេសចិន និងហុងកុងបានចំនួន ១៩៨ ៧៦១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១២៨ លានដុល្លារ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៤០ ៧៥១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៧១.៩០ លានដុល្លារ និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៦ ប្រទេស បានបរិមាណចំនួន ៧៦ ៥១៤ តោន គិតជាទឹកប្រាក់ចំនួន ៥០.៣៦ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ..។ល។ ចំនួន ២៦ ប្រទេសបានចំនួន ៧៩ ៦០៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧០.៥៤ លានដុល្លារ។

សម្រាប់ការនាំចេញនេះ ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២០% អង្ករស ចំនួន ១៣.១៣% អង្ករចំហ៊ុយ ៣.០៤ % អង្ករសរីរាង្គចំនួន ១.៦១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។
ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៩២៦ ៥៦៦ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១៥៦.៧០ លានដុល្លារ ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here