តម្លៃប្រេងធ្លាក់ចុះ ខណៈផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ស្របពេលដែលអ្នកវិនិយោគភ្នាល់ថា អត្រាការប្រាក់របស់បណ្តាធនាគារកណ្តាលសំខាន់ៗនៅលើពិភពលោកបានឈានឡើងដល់កម្រិតកំពូលហើយ។

ជាក់ស្តែង ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤១ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានស្ថិតនៅទ្រឹង ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,១០ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ១,៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមវិនិយោគិនកំពុងរង់ចាំមើលទិន្នន័យការងារសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលអាចផ្តល់ភាពច្បាស់លាស់បន្ថែមទៀតលើគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)។

នៅពេលនេះ ក្រុមពាណិជ្ជករមើលឃើញឱកាសចំនួន៩៩,៧ភាគរយ ដែលធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ ក្នុងកិច្ចប្រជុំនៅសប្តាហ៍ក្រោយ និងមើលឃើញឱកាសចំនួន៥៦ភាគរយ ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងខែមីនា ឆ្នាំ២០២៤។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណគូប្រជែងសំខាន់ៗចំនួន៦ បានងើបឡើងថ្លៃ០,០១៩ភាគរយ ដល់១០៣,៩៩ពិន្ទុ នៅថ្ងៃពុធនេះ។

ចំណែក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធនេះ ខណៈដែលទីផ្សារបន្តសង្ស័យពីផលប៉ះពាល់នៃការកាត់បន្ថយការផលិតប្រេងរបស់អង្គការ OPEC+ និងទស្សនវិស័យតម្រូវការប្រេងនៅក្នុងប្រទេសចិន ដែលកាន់តែអាក្រក់ទៅៗ។

តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេន មកនៅត្រឹម៧៧,១២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0101 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក WTI futures បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៧២,១៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here