កិច្ចប្រជុំ COP28 ប្រកាសដាក់ឱ្យដំណើរការកញ្ចប់ថវិកាមូលនិធិ ដើម្បីជួយដល់ប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ

ដោយ: គង់ លាងហួរ
អន្តរជាតិ: សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានដាក់ឱ្យដំណើរការនូវមូលនិធិមួយ ដើម្បីគាំទ្រជាពិសេសដល់បណ្តាប្រទេសដែលងាយរងគ្រោះ ដើម្បីទប់ទល់នឹងការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

ការសម្រេចចិត្តផ្តល់មូលនិធិថវិកាសម្រាប់ប៉ះប៉ូវសងជំងឺចិត្ត (Loss & Damage Fund) ទៅឱ្យបណ្ដាប្រទេសក្រីក្រដែលងាយរងគ្រោះនិងរងផលប៉ះពាល់ដោយសារតែការប្រែប្រួលអាកាសធាតុ បានធ្វើឡើងនៅថ្ងៃដំបូងនៃសម័យប្រជុំលើកទី២៨ នៃសន្និសីទCOP28 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)។

បណ្តាប្រទេសជាច្រើន ដែលដឹកនាំដោយប្រទេសអារ៉ាប់រួម (UAE) បានធ្វើការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរបស់ពួកគេចំពោះមូលនិធិនេះ ដោយ UAE បានផ្តល់វិភាគទានចំនួន១០០លានដុល្លារអាមេរិក។

ចំណែកឯ  ប្រទេសអាល្លឺម៉ង់បានផ្តល់វិភាគទានចំនួន១០០លានដុល្លារ ចក្រភពអង់គ្លេសបានផ្តល់វិភាគទានចំនួន៤០លានផោន (ប្រហែល៥០,៦លានដុល្លារ) និង២០លានផោនទៀតសម្រាប់ការរៀបចំផ្សេងៗ ខណៈជប៉ុនបានផ្តល់វិភាគទាន១០ លាន ដុល្លារ ហើយអាមេរិក បានផ្តល់វិភាគទាន១៧,៥ លាន ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ COP28 លោក Sultan Ahmed Al Jaber ប្រធាន COP28 បានលើកឡើងថា “មូលនិធិនេះនឹងគាំទ្រមនុស្សរាប់ពាន់លាននាក់ ជីវិត និងជីវភាពរស់នៅ ជាពិសេសមនុស្សងាយរងគ្រោះពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ”។

មូលនិធិថវិកាសម្រាប់ប៉ះប៉ូវសងជំងឺចិត្ត (Loss & Damage Fund) ត្រូវបានបង្កើតឡើងនៅកិច្ចប្រជុំ COP27 នៅក្នុងប្រទេសអេហ្ស៊ីប កាលពីឆ្នាំ២០២២កន្លងទៅ។

មូលនិធិ គឺជាតម្រូវការដ៏យូរអង្វែងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីទប់ទល់នឹងការចំណាយ ចំពោះការបំផ្លិចបំផ្លាញ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុខ្លាំង ដែលមិនធ្លាប់មានដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ និងការកើនឡើងកម្រិតទឹកសមុទ្រ៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here