ការវិនិយោគលើថាមពលអគ្គិសនីនៅតែជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាស្របពេលការវិនិយោគក្នុងវិស័យនេះបន្តកើនឡើង

        ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ា​ណែ​តនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា អគ្គិសនី គឺជា​វិស័យ​អាទិភាព​មួយ​ ​ក្នុងចំណោម​វិស័យ​អាទិភាព​នានា ​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​។​

សម្តេចបានថ្លែងបែបនេះ ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព១៥០​មេ​ហ្គា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង។

សម្តេចបានបន្តថា “​ខ្ញុំ​សូមបញ្ជាក់ថា​ការអភិវឌ្ឍ​ វិស័យ​អគ្គិសនី នៅតែ​ជា​របៀបវារៈ​ដ៏​សំខាន់ ​នៃ​នយោបាយ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ព្រោះ​ថាមពល​មិន​ត្រឹមតែ​ជា​ផលិតផល​មួយ​ ដែលជា​តម្រូវការ​សម្រាប់​ប្រជាជន​ បច្ចុប្បន្ន​ទេ ប៉ុន្តែ​ជា​ផលិតផល​មួយ ​ដែល​ចាំបាច់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ”​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតីបានបន្តថា ដូច្នេះ​ការជំរុញ​ការអភិវឌ្ឍ​វិស័យ ​ថាម​ពល​អគ្គិសនី​ឱ្យបាន​ត្រឹមត្រូវ រីកចម្រើន​ឱ្យបាន​ឆាប់រហ័ស ​ដើម្បី​ឈា​នទៅ​សម្រេចបាន ​ការផ្គត់ផ្គង់​ថាមពល​មួយ​គ្រប់គ្រាន់ ប្រកបដោ​យ​ចីរភាព ស្ថិរភាព គុណភាព មានតម្លៃ​កាន់តែ​សមរម្យ នៅ​គ្រប់​ទីកន្លែង​ទូទាំង​កម្ពុជា គឺជា​គន្លឹះ​ដ៏​សំខាន់​ ក្នុង​ការជួយ​ជំរុញឱ្យមាន​កំណើ​នសេដ្ឋកិច្ច ប្រកបដោយ​ចីរភាព​របស់​ប្រទេស និង​ជួយ​បង្កើត​សុ​ខុ​ដុម​នី​យ​ភាព​ នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) លើ​គម្រោង​វិនិយោគ​ថាម​ពល​​អគ្គិសនី​ពី​ប្រភព​ស្អាត ឬ​កកើត​ឡើងវិញ បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​ចំហេះ​ហ្វូ​ស៊ី​ល ​ដូចជា ​ធ្យូងថ្ម និង​ប្រេង​ខ្មៅ ទៅក្នុង​បរិយាកាស និង​ក៏​អាចជួយ​ឱ្យ​អគ្គិសនី​នៅ​កម្ពុជា ឲ្យ​មានតម្លៃ​កាន់​តែ​ទាប និង​អាច​ទាក់ទាញ​អ្នកវិនិយោគ​ ឱ្យ​ចូលមក​បណ្តាក់ទុន​ផ្ទាល់ ព្រមទាំង​ជួយ​លើកកម្ពស់​សមត្ថភាព ​នាំចេញ​ទៅ​នំ​និ​ញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​

CDC កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ CDC បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ ឱ្យ​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី ​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ អានុភាព៦០​មេ​ហ្គា​វ៉ា​ត់ ជាមួយ​ប្រព័ន្ធ​ផ្ទុក​ថាមពល​អគ្គិសនី របស់​ក្រុមហ៊ុន Schneitec Vibrant Co., Ltd ស្ថិតនៅ​ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ក្រោម​ទុនវិនិយោគ៦៥,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន៣៥​កន្លែង​។​

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក កែវ រតនៈ នៅក្នុង​វេទិកា​ពិភាក្សា​ស្តីពី​ “គោលនយោបាយ​រ៉ែ និង​ថាមពល​នៅ​កម្ពុជា​” កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​និយាយថា វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា ​បាន​ឆ្លង​ដំណាក់កាល​ដ៏​លំបាក​ជាច្រើន ​ក្នុង​រយៈពេល​ជាងទសវត្សរ៍​កន្លងមក ​ដោយ​ចាប់ផ្តើម​ពី​គ្មាន​អគ្គិសនី​ប្រើប្រាស់ រហូតដល់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ នឹង​កំពុង​ឈានទៅ​នាំ​ចេញទៅ​លក់​ឱ្យ​ប្រទេសជិតខាង​ក្នុង​តំបន់​ទៀតផង​។

លោក​បន្តថា ទន្ទឹមនឹង​ការកើនឡើង ​នៃ​សមត្ថភាព​ផលិត​នេះ កម្ពុជា ​ក៏ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែលមាន​ថាមពល​ពី​ប្រភព​ស្អាត​ដ៏​ច្រើន​ផងដែរ ដោយ​ថាមពល​អគ្គិសនី​ ដែល​កំពុង​ប្រើប្រាស់​ នៅក្នុង​ប្រទេស​បច្ចុប្បន្ន គឺមាន​លើសពី៦០​ភាគរយ​ បានមកពី​ថាមពល​ស្អាត ឬ​កកើត​ឡើងវិញ ​(​ថាមពល​ពី​ពន្លឺព្រះអាទិ​ត្យ ខ្យល់ ទឹក និង​រលក​ទឹកជាដើម​)​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here