ក្រុមហ៊ុនកូរ៉េ Hyundai E&C គ្រោងផ្លាស់ប្តូរទេសភាពផ្ទៃមេឃ ទីក្រុងDaejeon ជាមួយនឹងអគារខ្ពស់កប់ពពកចំនួន៣

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនសំណង់ Hyundai Engineering & Construction គ្រោងនឹងផ្លាស់ប្តូរទេសភាពទីក្រុង ជាមួយសហគមន៍អាផាតម៉ិនថ្មីរបស់ខ្លួន ដែលនឹងរះឡើងជាអគារខ្ពស់ជាងគេបំផុត នៅក្នុងស្រុក Dong ស្ថិតនៅភាគខាងកើតនៃទីក្រុង Daejeon។

សហគមន៍ខាងលើនេះមានឈ្មោះថា Hillstate Gayang The Wise ដែលជាសំណង់អគារបែបពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលមានអគារចំនួន៣ ហើយអគារនីមួយៗមានកម្ពស់៤៩ជាន់ និងមានអាផាតម៉ិនសរុបចំនួន៣៥៨យូនីត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគារទាំងនេះនឹងផ្តល់នូវទិដ្ឋភាព ដែលមិនដូចគម្រោងផ្សេងទៀតនៅក្នុងតំបន់ជុំវិញ ហើយក្រុមហ៊ុន Hyundai នឹងចាប់ផ្តើមដាក់លក់អាផាតមុិនគិតជាឡូតិ៍នៅខែធ្នូនេះ ខណៈកាលបរិច្ឆេទសម្រាប់ការផ្លាស់ចូលមករស់នៅ ត្រូវបានកំណត់នៅខែតុលា ឆ្នាំ២០២៤ខាងមុខ។

បើនិយាយអំពីទីតាំង សហគមន៍ថ្មីនេះ នឹងបោះជំហានឈានមុខគេ លើទីផ្សារអាផាតម៉ិនក្នុងតំបន់ ដោយសារការផ្តល់អត្ថប្រយោ​ជន៍ជាច្រើន ដូចជា មានភាពងាយស្រួលនៃការដឹកជញ្ជូនសាធារណៈ និងមានកន្លែងសម្រាប់ទិញទំនិញ និងការអប់រំ នៅជិតផ្លូវហាយវេ និងមានឱកាសនាពេលអនាគត សម្រាប់ការអភិវឌ្ឍន៍ទីក្រុងក្នុងតំបន់។

ការស្ទុះងើបឡើងវិញ នៃទីផ្សារអាផាតម៉ិន នៅទីក្រុង Daejeon ក៏កំពុងជួយដល់ក្រុមហ៊ុន Hyundai ផងដែរ។ ក្នុងចំណោមខេត្ត និងទីក្រុងធំៗចំនួន១៧ ក្នុងប្រទេសកូរ៉េខាងត្បូង គេសង្កេតឃើញថា ការទិញអាផាតម៉ិន នៅទីក្រុង Daejeon មានបរិមាណខ្ពស់ជាងគេបំផុត ដែលផ្តល់ ឬលក់ជូនជាឡូតិ៍ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣។

យូនីតអាផាតម៉ិនរបស់ម៉ាកយីហោ Hillstate កំពុងតែលក់ដាច់ខ្លាំងនៅទីក្រុង Daejeon ខណៈប្រជាប្រិយភាពរបស់ម៉ាកយីហោនេះជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល៥៦ខែជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here