រដ្ឋាភិបាលគ្រោងចំណាយ១០០លានដុល្លារ ដើម្បីទប់ការឡើងថ្លៃអគ្គិសនី ដើម្បីសម្រួលដល់ការលើកកំពស់ជីវភាពប្រជាពលរដ្ឋ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រដ្ឋសុខចិត្តខាត ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ ​កុំឱ្យមានការលំបាក ដោយកាត់បន្ថយការប្រើប្រាស់ភ្លើងច្រើន និងជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច។

សម្តេចហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធី“បិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព​១៥០មេហ្គាវ៉ាត់” ស្ថិតនៅ​ក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងមកនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ រដ្ឋគ្រោងចំណាយថវិកា១០០លានដុល្លារ សម្រាប់ឧបត្ថម្ភធន ទម្លាក់ថ្លៃភ្លើងឱ្យប្រជាពលរដ្ឋប្រើប្រាស់ ដោយរដ្ឋសុខចិត្តខាត ដើម្បីឱ្យថ្លៃភ្លើងថោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចបានបន្តថា ការកសាងទំនប់វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើនេះ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅ យុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើ​នប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ​។

រដ្ឋាភិបាលអណត្តិទី៧នេះ បានដាក់ចេញគោលនយោបាយ ដើម្បីបន្តអភិវឌ្ឍវិស័យអគ្គិសនី ក្នុងនោះ ទី១ បន្តជំរុញ​អភិវឌ្ឍវិស័យអគ្គិសនី ធ្វើយ៉ាងណាឱ្យគ្រប់ទីកន្លែងនៃកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ទី២ បន្តធ្វើ​ទំនើបកម្មលើការផ្តល់សេវាកម្មជូនដល់អតិថិជនប្រើប្រាស់អគ្គិសនី និងទី៣ បន្តពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃ និងបន្ថយថ្លៃលក់អគ្គិសនីឱ្យកាន់តែទាបជាងមុន ដើម្បីជួយដល់ប្រជាពលរដ្ឋ។

សម្តេច ហ៊ុន ម៉ាណែត ក៏បានស្នើដល់​ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ធ្វើយ៉ាងណាខិតខំរកមធ្យោបាយ ​ផ្គត់ផ្គង់ឱ្យដល់ភូមិជាង១ភាគរយ ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ ឱ្យមានភ្លើងប្រើឱ្យបានមុនឆ្នាំ២០៣០៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here