តម្លៃប្រេងឆៅ និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ ខណៈផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះយ៉ាងគំហុក ស្របពេលមានការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក(Fed) នឹងបញ្ចុះអត្រាការប្រាក់នៅឆ្នាំ២០២៤។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI  នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨ភាគរយ ក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃច័ន្ទនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤ភាគរយ ដោយសារប្រាក់យ៉េនបានងើបឡើងថ្លៃនាពេលថ្មីៗនេះ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,០០៧ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,១៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,០៣៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៨៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៥៦ភាគរយ។

នៅពេលនេះ ទីផ្សារកំពុងមើលឃើញឱកាសចំនួន៦០ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ នៅខែមីនា ឆ្នាំ២០២៤ខាងមុខ ពោលគឺកើនឡើងពី ឱកាសចំនួន២១ភាគរយ ដែលទីផ្សារបានមើលឃើញកាលពីមួយសប្តាហ៍មុន។

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំ បានស្ថិតក្នុងរង្វង់៤,២២ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់២៩ពិន្ទុមូលដ្ឋានកាលពីសប្តាហ៍មុន និងឃ្លាតឆ្ងាយពីកម្រិតខ្ពស់បំផុត៥,០២ភាគរយ ដែលបានឈានដល់កាលពីខែតុលា។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិក ធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,២៨ពិន្ទុ នៅថ្ងៃច័ន្ទនេះ។

ចំណែក តម្លៃប្រេង បាន កើន ឡើង នៅថ្ងៃ ច័ន្ទនេះ ខណៈ អ្នកវិនិយោគបានផ្តោតអារម្មណ៍លើភាព តានតឹង ភូមិសាស្ត្រ នយោបាយ នៅ តំបន់មជ្ឈិមបូព៌ា ឡើងវិញ ដោយ ជំរុញ ឲ្យ មាន ការ ព្រួយ បារម្ភ អំពី ការ ផ្គត់ផ្គង់ ប្រេងចេញពី តំបន់មួយនេះ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៨សេន ដល់៧៩,១៦ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0018 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង២៩សេនដល់៧៤,៣៦ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here