គ្រឹះស្ថានអង្គររកចំណូលបាន៣២,៥លានដុល្លារ ពីការលក់សំបុត្រចូលទស្សនា ដល់ភ្ញៀវទេសចរអន្តរជាតិជិត៧០មុឺននាក់

ដោយ: គង់ លាងហួរ
សៀមរាប: យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ឧទ្យានបុរាណវិទ្យាអង្គរ បានចុះបញ្ជីភ្ញៀវទេសចរបរទេសចំនួន៦៩៩.៩៩៦នាក់ ក្នុងអំឡុងពេល១១ខែដំបូងនៃឆ្នាំ ២០២៣នេះ ដែលកើនឡើង២១១ភាគរយធៀបនឹងចំនួន២២៥.១៩១នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ឧទ្យានបុរាណអង្គររកប្រាក់ចំណូលបាន៣២,៥៤លានដុល្លារអាមេរិកពីការលក់សំបុត្រចូលទស្សនា ក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលកើនឡើង២៦១ភាគរយ ធៀបនឹង៩លានដុល្លារ ដែលរកបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ។

សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា នៅក្នុងខែវិច្ឆិកាតែមួយ ឧទ្យានបុរាណអង្គរបានស្វាគមន៍ជនបរទេសចំនួន៩៧.៤២៦នាក់ និងរកប្រាក់ចំណូលបានចំនួន៤,៦៦លានដុល្លារអាមេរិក។

ដោយស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ឧទ្យានបុរាណវិទ្យាអង្គរទំហំ៤០១គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា លោក តុប សុភ័គ បង្ហាញទំនុកចិត្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលបានបើកឱ្យដំណើរការ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាឧទ្យានបុរាណអង្គរកាន់តែច្រើនឡើង។

ជាមួយនឹងផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បច្ចុប្បន្ន គឺជាព្រលានយន្តហោះដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាច្រកទ្វារដ៏សំខាន់ឆ្ពោះទៅកាន់ឧទ្យានបុរាណអង្គរ។

លោក តុប សុភ័គ បានគូសបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិមួយនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសកម្ពុជា” ៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here