តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នា នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ ទោះបីជាមានការរំពឹងទុកថា ធនាគារកណ្តាលអឺរ៉ុប និងសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយអត្រាការប្រាក់របស់ពួកគេយ៉ាងណាក្តី។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥ភាគរយនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានស្ថិតក្នុងសភាពទ្រឹង ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៤ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៦ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៥ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៤០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះថ្លៃ០,៧២ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះ០,១៤៥ភាគរយ មកនៅត្រឹម១០៣,៣០ពិន្ទុ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតប្រចាំខែវិច្ឆិកា។

រូបិយប័ណ្ណប្រាក់អឺរ៉ូបានងើបឡើងថ្លៃ០,១៣ភាគរយ ដោយជួញដូរក្នុងតម្លៃ១,០៩ដុល្លារ ក្នុងមួយអឺរ៉ូ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះ០,៧ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក ប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣១% ដល់១៤៧,៧៣យ៉េន ក្នុងមួយដុល្លារ និងឆ្ពោះទៅរកការងើបឡើងថ្លៃរយៈពេល៣សប្តាហ៍ជាប់ៗគ្នា ធៀបនឹងប្រាក់ដុល្លារអាមេរិក។

ចំណែកឯ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ បន្ទាប់ពីអង្គការ OPEC + បានឯកភាពគ្នាចំពោះការកាត់បន្ថយទិន្នផលប្រេងដោយស្ម័គ្រចិត្តសម្រាប់ត្រីមាសទី១ នៅឆ្នាំ២០២៤ ដែលខុសពីការរំពឹងទុករបស់ទីផ្សារ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ខែកុម្ភៈបានធ្លាក់ចុះ១៤សេន មកនៅត្រឹម៨០,៧២ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ១២សេន មកនៅត្រឹម៧៥,៨៤ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here