វិស័យហិរញ្ញវត្ថុកម្ពុជាកំពុងតែនៅរក្សាបានភាពរ៉ឹងមាំឬយ៉ាងណា?

 ដោយៈ និស្ស័យ

 ភ្នំពេញៈ ដំណើរការ​នៃ​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ និងស្ថាប័នហិរញ្ញវត្ថុនានានៅ​កម្ពុជា ​នៅ​បន្ត​ភាព​ធន់​នឹង​វិបត្តិ ដោយ​នៅតែ​បង្ហា​ញ​នូវ​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់ ​ក្នុង​ការចាក់​បញ្ចូល​នូវ​ប្រភព​ហិរញ្ញវត្ថុ ​ដើម្បី​ជំរុញ​ចរន្ត​សកម្មភាព​ម៉ាក្រូសេដ្ឋកិច្ច​ ក្នុងអំឡុងពេល​វិបត្តិ​រយៈពេល៤ឆ្នាំមកនេះ។​

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមា​​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​​​ ​(CMA) ថ្លែង​ក្នុង​សន្និសីទ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ២០២៣ ​ស្តីពី​ “បរិ​យា​​បន្ន​ហិរញ្ញវត្ថុ ប្រកបដោយ​ការ​ទទួលខុសត្រូវ ភាព​ធន់ និង​និ​​រ​ន្ត​រ​ភាព​របស់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​” នៅ​ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ​។​

បើ​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ ​២០២៣ ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​សមតុល្យ​ឥណទាន​សរុប​ជាង៥​ពាន់​លាន​ដុល្លារ និង​មាន​អតិថិជន​ឥណទាន​សរុបជាង១,៥​លាន​នាក់ ខណៈ​សមតុល្យ​ប្រាក់​បញ្ញើ​នៅតាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ទទួល​ប្រាក់​បញ្ញើ មាន​ជាង២​ពាន់​លាន​ដុល្លារ និង​មាន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​សរុប​ជិត២លាន​នាក់​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ វឿនបាន​ថ្លែងថា “​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា នៅតែ​បន្ត​រក្សាបាន​នូវ​ស្ថិរភាព​ តាមរយៈ​ការផ្តល់​សេវាកម្ម​ជាមួយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​កិច្ចការពារ​អតិថិជន​”​។​

លោក​បន្ថែមថា សមាគម​ក៏​កំពុង​អនុវត្ត​ន៍យន្តការ ​នៃ​ការដោះស្រាយ​បណ្តឹង និង​សំ​ណូ​ម​ពរ​អតិថិជន​ តាម​ប្រព័ន្ធ​ហ​ត​ឡាញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​អនុវត្តតាម​គោលការណ៍​គាំពារ​អតិថិជន ដែល​ក្នុងនោះ​រួមមាន ការដាក់​លេខ​បណ្តឹងតវ៉ា​ របស់​គ្រឹះស្ថាន លេខ​បណ្តឹងតវ៉ា​របស់​សមាគម​ទាំង​២ នៅ​ទីតាំង​តែមួយ​នៅលើ​សៀវភៅ​ឥណទាន​កិច្ចសន្យា​ឥណទាន​ ព្រមទាំង​សម្ភារ​ផ្សព្វផ្សាយ​ផ្សេងៗ​។​

ជាមួយគ្នានេះ លោក ឡាយ សុខ​ហេង ប្រធាន​នាយក​​ដ្ឋា​ន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ថ្លែង​ក្នុង​សន្និសីទ​ថា វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នៅតែ​រក្សាបាន​ភាពល្អ​ប្រ​សើរ ទោះបី​មាន​ឧបសគ្គ​ពី​ខាងក្រៅ​បណ្តាលមកពី​ភាពមិនច្បាស់លាស់ ​នៃ​សេដ្ឋកិច្ចពិភពលោក ​នៅពេល​បច្ចុប្បន្ន​ក៏ដោយ​។​

លោក​ថ្លែងថា​ កំណើន​ឥណទាន​ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​បន្ត​កើនឡើង​ក្នុង​ល្បឿន​ដ៏​ល្អ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ភាគច្រើន​ ដោយសារ​ការរួម​​ចំណែក​ពី​គ្រួសារ វិស័យ​ជួញដូរ និង​ពា​ណិ​ជ្ជ​កម្ម កសិកម្ម និង​វិស័យ​សេវាកម្ម​​។​

លោក​លើកឡើងថា​ “មូលនិធិ​កម្ចី​ក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ជា​លំដាប់ ហើយ​ភាគច្រើន​ជា​រយៈពេល​វែង ដែល​ជួយ​ឱ្យ​ពួកគេ ​គ្រប់គ្រង​ហានិភ័យ​សន្ទនីយ​ភាព​របស់​ពួកគេ ​កាន់តែ​ប្រសើរ”​។ លោកបន្តថា “ប្រាក់ចំណេញ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​បាន​ធ្លាក់ចុះ​តិចតួច ដោយសារ​ការ​ចំ​ណាយ​កាន់តែ​ខ្ពស់​។ ដើមទុន​របស់​ធនាគា​រ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​នៅតែមាន​ភាពល្អប្រសើរ និង​ខ្ពស់ជាង​តម្រូវការ​បទ​ប្បញ្ញត្តិចំនួន១៥ភាគរយ​”។​

ចំណែកលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគាហត្ថាបានមានប្រសាសន៍ថា មានបញ្ហាប្រឈមក្នុងវិស័យនេះ ប៉ុន្តែស្ថានភាពនៅតែអាចគ្រប់គ្រងបាន ពិសេសធនាគារហត្ថានៅតែមានសុខភាពល្អប្រសើរ និងដំណើរការទៅមុខសន្សឹមៗ មិនមានសញ្ញានៃហានិភ័យនោះទេ ទោះបីជាអត្រាចំណេញធ្លាក់ចុះ និងការកើនឡើងនូវការសងត្រលប់យឺតតិចតួចក្តី។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​ថា ការ​ព្យាករ​កំណើន​កម្ពុជា មាន​ចំនួន ៥,៤ ​ភាគរយ​ក្នុង​ឆ្នាំ​២០២៣ ហើយនឹង​កើន​ដល់៥,៨ ​ភាគរយ​នៅ​ឆ្នាំ ២០២៤ និង៦,១​ ភាគរយ​ឆ្នាំ​ ២០២៥​។ លោក​បន្តថា “បញ្ហា​ប្រឈម​ផ្នែក​រចនាសម្ព័ន្ធ និង​ឧបសគ្គ​សេដ្ឋកិច្ច​សកល​នៅតែ​បន្ត”​។​

លោក​បញ្ជាក់ថា ការប្រើប្រាស់​ផ្នែក​ឯក​​ជន​បាន​ធ្លាក់ចុះ ខណៈ​តម្រូវការ​ក្នុងស្រុក​ក៏​កំពុង​ធ្លាក់ចុះ​ផងដែរ ខណៈ​ការ​នាំចូល​ទំនិញប្រើប្រាស់ និង​ទំនិញ​ដែល​ប្រើប្រាស់​រយៈពេល​យូរបាន​ធ្លាក់ចុះ​។ ជាមួយគ្នានេះដែរ កម្រិត​ស្ថានភាព​របស់​ប្រជាពលរដ្ឋ ​ក៏​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ប្រាក់​ឈ្នួល និង​កំណើន​យឺត​ក្នុង​ទីផ្សារការងារ កាត់​បន្ថយ​ការប្រើប្រាស់​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here