តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានហក់ឡើងថ្លៃ រយៈពេល២ខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ខណៈដែលការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក អាចនឹងបញ្ចុះអត្រាការប្រាក់ក្នុងពេលឆាប់ៗនេះ បានបង្កើនភាពទាក់ទាញ និងតម្រូវការរបស់ដុំមាស។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤% ដល់២០៣៦,៤៧ដុល្លារក្នុងមួយអោន គិតនៅត្រឹមម៉ោងសកល1940 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futuresបានធ្លាក់ចុះ០,៥% មកនៅត្រឹម២០៥៧,២ដុល្លារក្នុងមួយអោន។

នៅពេលនេះ ក្រុមពាណិជ្ជករសម្លឹងមើលឃើញឱកាសចំនួន៨០% ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ និងមើលឃើញឱកាស៤២% ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់ ក្នុងខែមីនា ។នេះបើយោងតាមគេហទំព័រ CME’s FedWatch។

ក្រុមពាណិជ្ជករបានឃ្លាំមើលយ៉ាងដិតដល់ចំពោះទិន្នន័យ ដែលបង្ហាញថា ការចំណាយរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងកម្រិតមធ្យមកាលពីខែតុលា ខណៈដែលការកើនឡើងអតិផរណាប្រចាំឆ្នាំគឺមានកម្រិតទាបបំផុត គិតចាប់តាំងពីដើមឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមពាណិជ្ជករ និងអ្នកវិនិយោគក៏កំពុងរង់ចាំស្តាប់មើលការបញ្ចេញមតិអត្ថាធិប្បាយរបស់លោកJerome Powell ប្រធានធនាគារកណ្តាលអាមេរិក នៅថ្ងៃសុក្រនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៩% ដល់២៥,២២ដុល្លារ ក្នុងមួយអោន ហើយតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣%ដល់៩២៩,០៩ដុល្លារក្នុងមួយអោន ខណៈតម្លៃ Palladium បានធ្លាក់ចុះ១,៤%ដល់១០១៣,១៥ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here