ធនាគារ ADB អនុម័តកម្ចី៤០០លានដុល្លារអាមេរិក ដើម្បីជំរុញការកៀរគរប្រាក់ចំណូលរបស់់ប្រទេសហ្វីលីពីន

ដោយ: គង់ លាងហួរ
ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល  បានគូសបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន៤០០លានដុល្លារអាមេរិក ដល់ប្រទេសហ្វីលីពីន។

ការផ្តល់ប្រាក់កម្ចីនេះមានគោលបំណងជួយប្រទេសហ្វីលីពីនឱ្យសម្រេចបាននូវយុទ្ធសាស្រ្តសារពើពន្ធរយៈពេលមធ្យមរបស់ខ្លួន និងផ្តល់ហិរញ្ញប្បទានដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត តាមរយៈការផ្តោតខ្លាំងជាងមុនលើការកៀរគរប្រាក់ចំណូល។

ធនាគារ ADB បានអះអាងថា កម្មវិធីនេះ គឺជាប្រាក់កម្ចីផ្អែកលើគោលនយោបាយដំបូងគេទី១របស់ខ្លួន ដែលមានគោលដៅធ្វើកំណែទម្រង់ការប្រមូលកៀរគរធនធាននៅក្នុងស្រុក (DRM)។

កម្មវិធីប្រាក់កម្ចីនេះនឹងជួយផ្គត់ផ្គង់តម្រូវការរបស់ប្រទេសហ្វីលីពីន ក្នុងការដោះស្រាយភាពមិនស្របគ្នា.ក្នុងក្របខ័ណ្ឌគោលនយោបាយពន្ធ ដើម្បីជំរុញការអនុលោមតាមពន្ធ កាត់បន្ថយការគេចវេសបង់ពន្ធ និងប្រមូលប្រាក់ចំណូលបន្ថែមទៀតពីសកម្មភាព និងផលិតផល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាន ឬបានរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Aekapol Chongvilaivan សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារ ADB ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុសាធារណៈ បានលើកឡើងថា កម្មវិធី DRM នឹងជំរុញឱ្យសមាមាត្រពន្ធធៀបទៅនឹងGDP (ផលិតផលក្នុងស្រុកសរុប) កើនឡើងកាន់តែខ្ពស់ និងធានាបាននូវហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសនេះ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ក្រោមផែនការអភិវឌ្ឍន៍ហ្វីលីពីនចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាស្ថាប័នផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ពហុភាគី ដែលចូលរួមកាត់បន្ថយភាពក្រីក្រនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។  ធនាគារ ADB ក៏មានគោលបំណងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនតាមរយៈការផ្តល់ប្រាក់កម្ចី និងជំនួយបច្ចេកទេសសម្រាប់សកម្មភាពអភិវឌ្ឍន៍ផ្សេងៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here