តម្លៃប្រេងធ្លាក់ចុះ ស្របពេលផ្សារហ៊ុននៅតំបន់អាស៊ី បានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ី បានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានបន្តធ្លាក់ថ្លៃចុះ ដោយសារអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់នៅឆមាសទី១ ឆ្នាំ២០២៤ខាងមុខ។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI  នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ៦,៧ភាគរយ បើគិតក្នុងខែវិច្ឆិកានេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,២០ភាគរយ  ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៣៤ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,២០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,១៨ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,១៥ភាគរយ។

ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed) បានអះអាងថា ពួកគេនឹងបន្តធ្វើការងារដោយភាពប្រុងប្រយ័ត្ន ហើយការដំឡើងការប្រាក់អាចធ្វើឡើងជាថ្មី លុះត្រាណាតែវឌ្ឍនភាពលើការគ្រប់គ្រងវិបត្តិអតិផរណាមានការថយចុះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងរូបិយប័ណ្ណគូប្រជែងចំនួន៦ បានធ្លាក់ថ្លៃចុះ០,០៥៨ភាគរយមកនៅត្រឹម១០២,៧៤ពិន្ទុនៅថ្ងៃព្រហស្បតិ៍នេះ។

លើសពីនោះ សន្ទស្សន៍ប្រាក់ដុល្លារ បានធ្លាក់ថ្លៃចុះ៣,៧ភាគរយ បើគិតក្នុងខែវិច្ឆិកានេះ ដោយសារតែមានការរំពឹងទុកថា ធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤ខាងមុខ។

ចំណែកឯ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈទិន្នន័យសកម្មភាពផលិតកម្មនៅប្រទេសចិនបានថយចុះក្នុង ល្បឿន កាន់តែលឿន ក្នុងខែវិច្ឆិកា ប៉ុន្តែអ្នកវិនិយោគបានរក្សាការប្រុងប្រយ័ត្ន មុនពេលកិច្ចប្រជុំរបស់អង្គការ OPEC +។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៨សេន មកនៅត្រឹម៨២,៩០ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0024 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានធ្លាក់ចុះ២៤សេន មកនៅត្រឹម៧៧,៦៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here