អ្នកបម្រើសេវាកម្មអាពាហ៍ពិពាហ៍ ប្រឈមនឹងបាត់ចំណូលបន្តទៀត បន្ទាប់ពីមានព័ត៌មានពីកូវីដ១៩ ជាថ្មី

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អ្នកប្រកបរផ្ដល់សេវាកម្មក្នុងពិធីមង្គលការ និងពិធីផ្សេងទៀត ដូចជាចុងភៅ សំអាងការ ម្ចាស់រោងការជាំដើម កំពុងប្រឈមនឹងការបាត់បង់ចំណូលបន្តទៀតក្នុងរដូវអាពាហ៍ពិពាហ៍ថ្មីនេះ បន្ទាប់ពីរដូវកាលមុនពួកគេបានបាត់បង់ចំណូលជាច្រើនរួចទៅហើយ។

បញ្ហាប្រឈមនេះ ដោយសារតែសញ្ញាណនៃការឆ្លងរាលដាលកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រោយព្រឹត្តិការណ៍៣វិច្ឆិកា ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ញឹម សំរីប ម្ចាស់រោងការមួយរូបក្នុងខេត្តកំពត បាននិយាយថា កាលពីឆ្នាំមុន លោកបានបាត់បង់ភ្ញៀវអស់ជាច្រើន ព្រោះតែម្ចាស់ដើមការបានលុបចោលគម្រោងអាពាហ៍ពិពាហ៍ ក្រោយពេលមានការឆ្លងរាលដាលនៅក្នុងប្រទេស។ កាលនោះមានអ្នកលុបគម្រោងចោលរាប់សិបរោង ធ្វើឱ្យក្រុមលោក ត្រូវបាត់បង់ចំណូលម្នាក់ៗរាប់លានរៀលផងដែរ។

លោក បានបន្តថា សម្រាប់រដូវកាលថ្មីៗនេះ កាលពីប៉ុន្មានខែមុន មានអ្នកមកកក់រោងសម្រាប់រៀបចំពិធីផ្សេងប្រមាណ២០ទៅ៣០រោងហើយ តែស្រាប់តែប៉ុន្មានថ្ងៃនេះ ឃើញថា កម្ពុជាមានការប្រឈមនឹងការឆ្លងកូវីដ១៩ជាលើកទី២ ធ្វើឱ្យអ្នកប្រកបរបរបម្រើសេវាក្នុងពិធីអាពាហ៍ពិពាហ៍ប្រឈមនឹងការបាត់បង់ចំណូលជាថ្មី ។

លោក បានថ្លែងថា “បើសិនជាមានការហាមឃាត់ពីសំណាក់ក្រសួងឬរដ្ឋាភិបាលក្នុងការជួបជុំគ្នាច្រើន ម្ចាស់ដើមការនានានឹងត្រូវលុបចោលទៀត ហើយក៏នឹងមិនមានការងារអ្វីឱ្យបុគ្គលិករបស់យើងដើម្បីទទួលបានចំណូលនោះទេ”។

ចំណែកអ្នកស្រី សូ ថារី ម្ចាស់សំអាងការមួយរូប ក៏បាននិយាយថា អ្នកស្រី ក៏បានបាត់បង់ចំណូលជាច្រើនហើយដែរកាលពីរដូវកាលចាស់ ដោយសង្ឃឹមថា រដូវកាលអាពាហ៍ពិពាហ៍ថ្មីនេះ ទទួលបានចំណូលត្រលប់មកវិញ។

អ្នកស្រីបន្តថា គ្រាន់តែបើករដូវកាលថ្មីភ្លាមមានអ្នកកក់សំអាងការ ជិត៣០រោងហើយដែរ ហើយក៏មិនទាន់ប្រាកដថា ពួកគាត់ នឹងបន្តការរៀបចំពិធីទៀតឬយ៉ាងណា ក្រោយពីមានការជ្រួលច្របល់នៅភ្នំពេញ និងមានព័ត៌មានថា រដ្ឋាភិបាលគ្រោងនឹងហាមរៀបចំពិធីជួបជុំធំដូចជាពិធីការជាដើម។

អ្នកស្រី បាននិយាយថា “បើសិនជាឆ្នាំនេះ ដូចកាលឆ្នាំមុន យើងមានបន្តបាត់បង់ចំណូល ហើយអ្នកដែលគ្រោងរៀបការលុបចោល ចង់បានលុយកក់វិញយើងក៏ផ្ដល់ជូនវិញព្រោះធ្វើម៉េចបើកាលៈទេសៈបង្ខំបែបនេះ”។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនបានឱ្យដឹងថា ក្រសួងសុខាភិបាល គ្រោងនឹងចេញសេចក្តីប្រកាសពីការហាមការជួបជុំមនុស្សច្រើន ដូចជាក្នុងពិធីមង្គលការ បុណ្យទាន ជាដើម ក្រោយមានមនុស្សជាង១ពាន់នាក់បានប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here