កំណើនសេដ្ឋកិច្ច និងអតិផរណាសកលអាចប្រឈមមុខនឹងបញ្ហា ប្រសិនបើជម្លោះនៅតំបន់មជ្ឈឹមបូព៌ារីករាលដាល

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីបានអះអាងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី និងពិភពលោក អាចនឹងរងផលប៉ះពាល់ ប្រសិនបើជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល កើនឡើងកំដៅបន្ថែមទៀត ឬក្លាយទៅជាជម្លោះ ដែលពាក់ព័ន្ធនឹងបណ្តាប្រទេសអារ៉ាប់នៅក្នុងតំបន់។

ក្រសួងបានបន្តព្រមានថា “ប្រសិនបើទំហំនៃជម្លោះ កាន់តែរីកធំឡើង នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំង ជាពិសេសទាក់ទងនឹងការកើនឡើងតម្លៃប្រេង និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានគូសបញ្ជាក់នៅក្នុងចម្លើយចំពោះសំណួរផ្ទាល់មាត់ របស់សមាជិកព្រឹទ្ធសភា លោកស្រី Noorita Sual  ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់សភាថា “វានឹងជះឥទ្ធិពលលើអតិផរណា និងកំណើនសេដ្ឋកិច្ចសកល ហើយជាពិសេសកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី”។

ប្រសិនបើជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ត្រូវបានទប់មិនឱ្យរាលដាល នោះវានឹងមិនមានផលប៉ះពាល់ ដោយផ្ទាល់ណាមួយមកលើសេដ្ឋកិច្ចពិភពលោកជាទូទៅទេ ព្រោះប្រទេសទាំងពីរមិនស្ថិតក្នុងចំណោមប្រទេស ធ្វើពាណិជ្ជកម្មកំពូលរបស់ពិភពលោក។

ដោយដកស្រង់តួលេខពីសន្និសីទ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (Unctad) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់អ៊ីស្រាអែល មានទឹកប្រាក់ចំនួន៣៩៤,២ពាន់លានដុល្លារ ដែលស្មើនឹង០,៤៤% នៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក  ខណៈផលិតផលក្នុងស្រុកសរុប របស់ប៉ាឡេស្ទីនមានទឹកប្រាក់ចំនួន១៥,៧ពាន់លានដុល្លារ ដែលស្មើនឹង០,០២% នៃផលិ​តផលក្នុងស្រុកសរុបរបស់ពិភពលោក។

ពាណិជ្ជកម្មសរុបរបស់អ៊ីស្រាអែល មានទំហំទឹកប្រាក់ចំនួន១៨០,៩ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង០,៤% នៃទំហំពាណិ​ជ្ជកម្មពិភពលោក ខណៈដែលពាណិជ្ជកម្មសរុបរបស់ប៉ាឡេស្ទីន មានទំហំទឹកប្រាក់ចំនួន៩,៥ពាន់លានដុល្លារ ដែលស្មើនឹង០,០២% នៃទំហំពាណិជ្ជកម្មពិភពលោក។

យោងតាមក្រសួងសេដ្ឋកិច្ចបានឱ្យដឹងទៀតថា ប៉ាឡេស្ទីនគឺជាដៃគូពាណិជ្ជកម្ម ធំបំផុតទី១៨៧ របស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ដែលមានទំហំរហូតដល់ទៅ១៣,៧លានរីងហ្គីង ក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here