កម្ពុជាមានផ្ទៃដីសមស្របសម្រាប់ដាំស្វាយចន្ទីជាង២លានហិកតា ជាសក្តានុពលជម្រុញគោលនយោបាយជាតិ

ដោយ: ម៉ាលីនណា

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា កម្ពុជាមានផ្ទៃដីទំហំជាង២លានហិកតា សម្រាប់ដាំដំណាំស្វាយចន្ទីរ ដែលធ្វើឲ្យកម្ពុជាសម្រេចមហិច្ឆតា ក្នុងការក្លាយជាអធិរាជស្វាយចន្ទីរនាពេលអនាគត។

ជាដំណាំឧស្សាហកម្ម មានសក្តានុពលខ្ពស់សម្រាប់ ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំ គ្រាប់និងសរីរាង្គតាមបែបប្រពៃណ៍។

លោក តួច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលថា បច្ចុប្បន្ននេះ ខេត្តដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប និងកំពង់ឆ្នាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា តាមរយៈការវាយតម្លៃបានបង្ហាញថា ប្រទេសកម្ពុជាមានលក្ខខណ្ឌដី សមស្របសម្រាប់ដំណាំស្វាយចន្ទីមានប្រមាណ២,៣៨លានហិកតា។

លោកបានបន្ថែមថា ទោះបីជាអនុវិស័យដំណាំស្វាយចន្ទី ទទួលបានលទ្ធផលផ្លែផ្កា គួរជាទីមោទនៈ និងមានការអភិវឌ្ឍ រីកចម្រើនគួរឱ្យកត់សម្គាល់ ក៏អនុវិស័យនេះនៅជួបប្រទះ បញ្ហាប្រឈមចំបងៗមួយចំនួនដូចជា ទី១ ផលិតកម្មដំណាំទទួល បានទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចនៅទាប ទី២ ធនធានមនុស្សនិង ថវិកាសម្រាប់បម្រើឱ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗ នៅមានកម្រិត ។

ទី៣ កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនិងការកែច្នៃ ទី៤ ធាតុចូលកសិកម្មមានតម្លៃខ្ពស់ និងថ្លដើមផលិតកម្មនៅខ្ពស់ ទី៥ ការយល់ដឹងអំពីការគ្រប់គ្រង និងប្រើប្រាស់ដីនិងជីកសិកម្មមិនទាន់ ទូលំទូលាយ ទី៦ តម្លៃកសិផលនៅលើទីផ្សារឡើងចុះមិនទៀងទាត់ ទី៧ សហគមន៍កសិកម្មមិនទាន់ មានសមត្ថភាពរឹងមាំ និងទី៨ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារនៅមិនទាន់បង្កើតបានគ្រប់គ្រាន់នៅឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា តើកម្ពុជានឹងទទួលបាន អត្ថប្រយោជន៍អ្វីខ្លះ ជាថ្នូរនឹងការកែច្នៃក្នុងស្រុកសម្រាប់ការនាំចេញ គឺបានបង្កើនតម្លៃបន្ថែម និងបង្កើត ការងារដល់កម្មករក្នុងស្រុកថែមទៀតផង។ បច្ចុប្បន្ននេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រហែល៩០ភាគរយ ទៅក្រៅប្រទេស និងកែឆ្នៃក្នុងស្រុកប្រមាណប្រហែល៥ភាគរយប៉ុណ្ណោះ។

លោករដ្ឋលេខាធិការបានឱ្យដឹងថា ជាមួយគ្នានេះ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ស្តីពីការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធី ហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្ម ឃុំ-សង្កាត់ និងការអភិវឌ្ឍន៍ សហគមន៍កសិកម្មទំនើប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here