ប្រទេសចិន កំពុងបោះជំហានឆ្ពោះទៅក្លាយជាមហាអំណាចហិរញ្ញវត្ថុដ៏សំខាន់មួយនៅលើពិភពលោក

ដោយ: គង់ លាងហួរ
ប៉េកាំង: គណៈកម្មការហិរញ្ញវត្ថុកណ្តាលរបស់ប្រទេសចិន (CFC) ដែលមាននាយករដ្ឋមន្ត្រីចិនលោក Li Qiang ធ្វើជាប្រធាន បានជំរុញឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំងលើហានិភ័យ ក្នុងវិស័យហិរញ្ញវត្ថុ ខណៈប្រទេសចិនកំពុងបង្កើនល្បឿនឆ្ពោះទៅក្លាយជាមហាអំណាចហិរញ្ញវត្ថុដ៏សំខាន់មួយ។

នៅក្នុងកិច្ចប្រជុំមួយ ក្រោមអធិបតីភាពលោក Li Qiang គណៈកម្មការហិរញ្ញវត្ថុកណ្តាល (CFC) បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងលើការអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង ហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ហិរញ្ញវត្ថុសោធននិវត្តន៍ និងហិរញ្ញវត្ថុឌីជីថល ព្រមទាំងរក្សាបាននូវស្ថិរភាពនៅក្នុងគោលនយោបាយរូបិយវត្ថុ។

ក្រុមថ្នាក់ដឹកនាំចិនកំពុងព្យាយាមជំរុញឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញ និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ដែលអាចកើតមានពីការដាំក្បាលចុះក្នុងវិស័យអចលនទ្រព្យរយៈពេលវែង និងបំណុលរបស់រដ្ឋបាលក្នុងតំបន់ចំនួន៩២ពាន់ពាន់លានយន់ (ប្រហែល១២,៨ពាន់ពាន់លានដុល្លារ) ។

គណៈកម្មការហិរញ្ញវត្ថុកណ្តាល (CFC) ត្រូវបានបង្កើតឡើងនៅឆ្នាំនេះ ស្ថិតក្រោមអំណាចរបស់បក្សកុម្មុយនិស្តចិន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយទាំងអង្គភាពរបស់គណបក្ស និងរដ្ឋ ដើម្បីរឹតបន្តឹងការគ្រប់គ្រង និងគ្រប់គ្រងវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយតករហិរញ្ញវត្ថុសំខាន់ថ្មីផ្សេងទៀត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំនេះ គឺរដ្ឋបាលគ្រប់គ្រងហិរញ្ញវត្ថុជាតិ (NFRA) ដោយស្ថិតក្រោមចំណុះរបស់ក្រុមប្រឹក្សារដ្ឋ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ផងដែរ។

លោក Li បានក្លាយជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិន ក្នុងខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីលោកបានក្លាយជាសមាជិកលំដាប់ទី២ ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយរបស់គណបក្ស ដែលជាថ្នាក់អំណាចនយោបាយខ្ពស់បំផុតនៅក្នុងប្រទេសចិន ក្នុងខែតុលា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here