តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃពុធនេះ ស្របពេលដែលក្រុមពាណិជ្ជករបានភ្នាល់ថា ធនាគារកណ្តាលអាមេរិក (Fed) បានឈានដល់ទីបញ្ចប់ក្នុងគោលនយោបាយដំឡើងអត្រាការប្រាក់របស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,៤ភាគរយ រហូតដល់២០៤១,៥៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល2000 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង១,៤% ដល់២.០៤០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេលជាង៣ខែ ដែលការណ៍នេះជំរុញឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

ជាមួយគ្នានេះ រូបិយប័ណ្ណប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ ដោយជួញដូរក្នុងតម្លៃ១៤៦,៦៧យ៉េនក្នុងមួយដុល្លារ ខណៈប្រាក់អឺរ៉ូបានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង៣ខែ ដោយជួញដូរក្នុងតម្លៃ១,១០១ដុល្លារក្នុងមួយអឺរ៉ូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed) បានអះអាងថា ពួកគេនឹងបន្តធ្វើការងារដោយភាពប្រុងប្រយ័ត្ន ហើយការដំឡើងការប្រាក់អាចធ្វើឡើង លុះត្រាណាតែវឌ្ឍនភាពលើការគ្រប់គ្រងវិបត្តិអតិផរណាមានការថយចុះ។

អ្នកវិនិយោគរំពឹងយ៉ាងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែធ្នូខាងមុខ ខណៈដែលអ្នកវិនិយោគមើលឃើញឱកាសខ្ពស់ ដែលធនាគារ Fed អាចនឹងបញ្ចុះអត្រាការប្រាក់ នៅក្នុងខែឧសភា ឆ្នាំក្រោយនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៤% ដល់២៤,៩៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ២,៣% ដល់៩៣៩,៨០ដុល្លារ ក្នុងមួយអោន ចំណែកតម្លៃ Palladium បានធ្លាក់ចុះ១,៤% ដល់១០៥៥,៥៩ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here