ប្រមុខការទូតកូរ៉េខាងត្បូង ចិន ជប៉ុន ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីរៀបចំកិច្ចប្រជុំកំពូលនាពេលខាងមុខ

ដោយ: គង់ លាងហួរ
សេអ៊ូល: រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានជួបប្រជុំគ្នានៅប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ដើម្បីស្វែងរកការចាប់ផ្តើមកិច្ចសហប្រតិបត្តិការឡើងវិញ និងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី។

ទីក្រុងប៉េកាំង សេអ៊ូល និងតូក្យូបានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៨ ដើម្បីជំរុញការផ្លាស់ប្តូរការទូត និងសេដ្ឋកិច្ច។ ទោះជាយ៉ាងនេះក្តី ភាពតានតឹងផ្នែកនយោបាយ និងការរាតត្បាតនៃជំងឺកូវីដ-១៩ បានរំខានដល់ផែនការនេះ ដោយមេដឹកនាំនៃប្រទេសទាំង៣បានជួបគ្នាលើកចុងក្រោយក្នុងឆ្នាំ២០១៩កន្លងទៅ។

ប្រមុខការទូតនៃប្រទេសទាំង៣ បានជួបប្រជុំគ្នាជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៩ នៅកំពង់ផែប៊ូសានរបស់ប្រទេសកូរ៉េខាងត្បូង  បន្ទាប់ពីភាគីនៃប្រទេសទាំង៣បានព្រមព្រៀងគ្នាកាលពីខែកញ្ញាដើម្បីរៀបចំឱ្យមានកិច្ចប្រជុំកំពូលត្រីភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង លោក Cho Tae-yong បានប្រាប់ទូរទស្សន៍ Yonhap News TV ថា លោកប្រធានាធិបតីចិន សុី ជីនពីង នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ប្រហែលជាមិនអាចជួបគ្នានៅឆ្នាំនេះទេ ប៉ុន្តែកិច្ចប្រជុំកំពូលនេះទំនងជារៀបចំនាពេលដ៏ខ្លីខាងមុខ”។

ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៣បានឯកភាព នៅក្នុងកិច្ចពិភាក្សារយៈពេល១០០នាទីរបស់ពួកគេ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៦ រួមទាំងសន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជំរុញការពិភាក្សាជាក់ស្តែងដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូល។

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសទាំង៣គួរតែដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោកជាមួយនឹងចរិត និងអាកប្បកិរិយាកាន់តែរីកចម្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here