តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នា នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង OPEC និងទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងសប្តាហ៍នេះ។

ជាក់ស្តែង សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI  នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៩ភាគរយ នៅថ្ងៃអង្គារនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,២៣ភាគរយ  ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,២៥ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,០៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,១១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៥៧ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៨ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,១១ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣ខែ ដែលការណ៍នេះបានជំរុញឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

ជាមួយគ្នានេះ រូបិយប័ណ្ណប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៨ភាគរយ ដោយជួញដូរក្នុងតម្លៃ១៤៨,២៥យ៉េនក្នុងមួយដុល្លារ។

ចំណែកឯ តម្លៃប្រេងបានកើនឡើងនៅថ្ងៃអង្គារនេះ ខណៈដែលអង្គការ OPEC + អាចនឹងប្រកាសអំពីផែនការបន្តកាត់បន្ថយផលិតកម្មប្រេងរបស់ខ្លួនក្នុងកិច្ចប្រជុំនៅចុងសប្តាហ៍នេះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤៥សេន ដល់៨០,៤៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0152GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futures បានកើនឡើង៤៣សេន ដល់៧៥,២៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here