តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ខណៈទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក (Fed) បានឈានដល់ទីបញ្ចប់នៃយុទ្ធនាការដំឡើងអត្រាការប្រាក់របស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥ភាគរយ រហូតដល់២០១២,៣៤ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល2001GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៥% ដល់២០១២,៤ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិក ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗចំនួន៦ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,១១ពិន្ទុ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣ខែ ដែលធ្វើឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

ជាមួយគ្នានេះ រូបិយប័ណ្ណប្រាក់យ៉េនរបស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២៨ភាគរយ ដោយជួញដូរក្នុងតម្លៃ១៤៨,២៥យ៉េនក្នុងមួយដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមនាទីពីកិច្ចប្រជុំរបស់ធនាគារ Fed កាលពីសប្តាហ៍មុនបានបង្ហាញថា  ធនាគារកណ្តាលអាមេរិកនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ហើយការដំឡើងការប្រាក់អាចធ្វើឡើង លុះត្រាតែវឌ្ឍនភាពលើការគ្រប់គ្រងវិបត្តិអតិផរណាមានការថយចុះ។

ទីផ្សាររំពឹងយ៉ាងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំប្រចាំខែធ្នូខាងមុខ ខណៈដែលមើលឃើញឱកាសប្រហែល៥០% ដែលធនាគារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៣% ដល់២៤,៦២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,៣% ដល់៩១៨,៥១ដុល្លារ ក្នុងមួយអោន ចំណែកតម្លៃ Palladium បានធ្លាក់ចុះ០,២% ដល់១០៧១,៣២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here