ចំនួនភ្ញៀវទេសចរបរទេសចូលទៅកាន់ប្រទេសជប៉ុនក្នុងខែតុលាកើនឡើងលើសកម្រិតមុនផ្ទុះជំងឺកូវីដ ក្នុងឆ្នាំ២០១៩

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញឱ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនភ្ញៀវទេសចរបរទេសចូលទៅកាន់ប្រទេសជប៉ុនក្នុងខែតុលា ឆ្នាំ២០២៣នេះ មានរហូតដល់ទៅ២.៥១៦.៥០០នាក់។

តួលេខខាងលើនេះបានបង្ហាញសញ្ញានៃការកើនឡើង០,៨ភាគរយ បើធៀបនឹងខែតុលាដូចគ្នា ក្នុងឆ្នាំ២០១៩ ដោយនេះជាលើកទីមួយហើយ ដែលតួលេខប្រចាំខែបានកើនឡើងលើសពីកម្រិតមុនផ្ទុះជំងឺរាតត្បាតកូវីដ-១៩ កាលពីឆ្នាំ២០១៩។

យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា តួលេខភ្ញៀវទេសចរបរទេសក្នុងខែតុលា ឆ្នាំ២០២៣នេះ បានកើនឡើងប្រហែល៥ដង បើធៀបនឹងខែតុលាដូចគ្នា កាលពីឆ្នាំ២០២២ ដោយសារការធ្លាក់ថ្លៃនៃប្រាក់យ៉េន និងការបើកដំណើរការសេវាកម្មអាកាសចរណ៍ឡើងវិញ ដែលបានរួមចំណែកដល់ការវិលត្រឡប់របស់ជនបរទេស។

ការមកដល់នៃភ្ញៀវទេសចរបរទេស គិតចាប់ពីខែមករារហូតដល់ខែតុលា មានចំនួនសរុប១៩.៨៩១.១០០នាក់ ដែលងើបឡើងវិញដល់៧៣,៩ភាគរយនៃកម្រិតមុនជំងឺរាតត្បាត ហើយតួលេខ នេះ ស្ថិត ក្នុង ល្បឿន ឆ្ពោះទៅដល់២៥ លាន សម្រាប់ ឆ្នាំ ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ ជនជាតិជប៉ុន ដែលបានធ្វើដំណើរកំសាន្តទៅក្រៅប្រទេសក្នុងខែតុលា មានចំនួន៩៣៧.៧០០នាក់ ដែលធ្លាក់ចុះ៤៣,៦ភាគរយ បើធៀបនឹងខែដូចគ្នាក្នុងឆ្នាំ២០១៩កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here