តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ ដែលជំរុញដោយការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិក ខណៈអ្នកវិនិយោគភ្នាល់ថា ធនាគារកណ្តាលអាមេរិក (Fed) បានឈានដល់ទីបញ្ចប់នៃការដំឡើងអត្រាការប្រាក់របស់ខ្លួន។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧ភាគរយ រហូតដល់២០១៥,០៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 01:35 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើង០,៦% ដល់២០១៥,៨០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ០,១% ធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួន បន្ទាប់ពីបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល២ខែ កាលពីសប្តាហ៍មុន ដែលធ្វើឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

យោងតាមនាទីពីកិច្ចប្រជុំរបស់ធនាគារ Fed កាលពីសប្តាហ៍មុនបានបង្ហាញថា ធនាគារកណ្តាលអាមេរិកនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ហើយការដំឡើងការប្រាក់អាចធ្វើឡើង លុះត្រាតែវឌ្ឍនភាពលើការគ្រប់គ្រងវិបត្តិអតិផរណាមានការថយចុះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមពាណិជ្ជកររំពឹងយ៉ាងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំប្រចាំខែធ្នូខាងមុខ ខណៈដែលមើលឃើញឱកាសប្រហែល៦០% ដែលធនាគារ Fed អាចនឹងកាត់បន្ថយអត្រាការប្រាក់ នៅក្នុងខែឧសភា ឆ្នាំ២០២៤។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,៩% ដល់២៤,៧៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១% ដល់៩៣១,៤៩ដុល្លារ ក្នុងមួយអោន ចំណែកតម្លៃ Palladium បានងើបឡើង០,៦% ដល់១០៧៤,៩៤ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here