អុីស្រាអែល នឹងត្រូវចំណាយ៤៨ពាន់លានដុល្លារ លើសង្គ្រាមប្រឆាំងប៉ាឡេស្ទីន ក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤

តែម សុខុម

អន្តរជាតិៈ យោធាអុីស្រាអែល បានវាយលុកចូលទៅក្នុងតំបន់ Gaza នៃទឹកដីប៉ាឡេស្ទីន កាន់តែជ្រៅដើម្បីជីករំលើងឫសគល់របស់ក្រុម Hamas ក្រោយពីក្រុមនេះបានបើកការវាយប្រហារទៅលើអុីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំនេះ។

ហើយចាប់តាំងពីពេលនោះ អគ្គនាយកដ្ឋានគណនេយ្យនៃក្រសួងហិរញ្ញវត្ថុអុីស្រាអែល បានធ្វើការកត់ត្រាលម្អិតប្រចាំថ្ងៃនូវរាល់ការចំណាយលើសង្គ្រាមនេះ។

ការចំណាយទាំងនោះបានកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាពេលនេះកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងមួយអាចផ្អាកការបាញ់គ្នាបានរយៈពេល៤ថ្ងៃក្ដី។ នេះបើយើងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថាប័នប្រឹក្សាហិរញ្ញវត្ថុ Leader Capital Markets ក្នុងប្រទេសអុីស្រាអែល បានឱ្យដឹងថា សង្គ្រាមដែលក្រសួងហិរញ្ញវត្ថុប៉ាន់ប្រមាណថាចំណាយក្នុងមួយថ្ងៃអស់ប្រមាណ២៧០លានដុល្លារអាមេរិក នេះនឹងធ្វើឱ្យការចំណាយសរុបឈានរហូតដល់ប្រមាណ៤៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤។

ស្ថាប័នប្រឹក្សាហិរញ្ញវត្ថុ Leader Capital Markets ឱ្យដឹងថា ប្រទេសអុីស្រាអែល ទំនងជាត្រូវរ៉ាប់រង២ភាគ៣លើការចំណាយសរុបសម្រាប់សង្គ្រាមនេះ ហើយសល់ប៉ុន្មានសហរដ្ឋអាមេរិក ជាអ្នករ៉ាប់រងចំណាយ។

នេះមានន័យថា រដ្ឋាភិបាលអុីស្រាអែល នឹងត្រូវខ្ចីបំណុលយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីចំណាយលើសង្គ្រាមនេះ ដែលជាជម្លោះប្រដាប់អាវុធដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលកន្លះសតវត្សរ៍មកនេះ។

លោក Yali Rothenberg អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យនៃក្រសួងហិរញ្ញវត្ថុ បានលើកឡើងក្នុងបទសម្ភាសន៍មួយថា ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់អុីស្រាអែល លើសង្គ្រាមប្រឆាំងប៉ាឡេស្ទីន បានធ្វើឱ្យទីផ្សារសញ្ញាប័ណ្ណទំហំ៣០០ពាន់លានដុល្លារអាមេរិក របស់ប្រទេសអុីស្រាអែល ប្រឈមហានិភ័យ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here