ធនាគារ ADB អនុម័តប្រាក់កម្ចីចំនួន៥០លានដុល្លារអាមេរិក ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនបានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ខ្លួន។

នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ធនាគារអភិវឌ្ឍន៍ក្នុងតំបន់ ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មួយនេះបានគូសបញ្ជាក់ថា ខ្លួនមានភាពជាដៃគូយូរអង្វែងក្នុងការគាំទ្រកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់កម្ពុជានៅកម្រិតជាតិ និងថ្នាក់ក្រោមជាតិចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ។

ធនាគារ ADB អះអាងថា “កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការជំរុញការធ្វើឌីជីថលនីយកម្មក្នុងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងការពង្រឹងសវនកម្មខាងក្នុង និងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យលើការចំណាយសាធារណៈ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Jyotsana Varma នាយិការបស់ធនាគារ ADB ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB បានឆ្លើយតបទៅនឹងឧបសគ្គនៃការអភិវឌ្ឍន៍ ដែលកំណត់ដោយរដ្ឋាភិបាលក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា”។

លោកស្រី Jyotsana Varma បានបន្ថែមថា កំណែទម្រង់ក្រោមហិរញ្ញប្បទានទាំងនេះនឹង ជួយពង្រឹង សមត្ថភាព អនុវត្ត របស់ បណ្តាក្រសួង នានា និង ជួយពង្រឹង មុខងារ សវនកម្ម ខាងក្រៅផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here