តម្លៃប្រេងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះ នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានស្ថិតនៅក្នុងសភាពទ្រឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ខណៈដែលអ្នកវិនិយោគរំពឹងថា ធនាគារកណ្តាលអាមេរិកនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤ភាគរយនៅក្នុងការជួញដូរដំបូងនៅព្រឹកថ្ងៃសុក្រនេះ។

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,០ភាគរយ បន្ទាប់ពីបិទការជួញដូរកាលពីម្សិលមិញ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,៣ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P/ASX 200 បានងើបឡើងថ្លៃ០,៣២ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនKOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះថ្លៃ០,២៩ភាគរយ។

ផលប័ត្រនៅលើប័ណ្ណរតនាគារអាមេរិករយៈពេល១០ឆ្នាំបានកើនឡើង៤ពិន្ទុមូលដ្ឋានមកនៅត្រឹម៤,៤៥៦ភាគរយ ខណៈពេលដែលផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល២ឆ្នាំបានកើនឡើង២ពិន្ទុមូលដ្ឋានដល់៤,៩៣៣ភាគរយ។

សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៧១ពិន្ទុ ធៀបនឹងរូបិយប័ណ្ណគូប្រជែងរបស់ខ្លួន ដោយប្រឈមមុខនឹងការធ្លាក់ថ្លៃចុះអស់រយៈពេល២សប្តាហ៍ជាប់ៗគ្នា ដែលការណ៍នេះបានជំរុញឱ្យតម្រូវការមាសហក់ឡើងខ្ពស់។

ជាមួយគ្នានេះ ក្រុមពាណិជ្ជកររំពឹងទុកយ៉ាងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំគោលនយោបាយ នៅខែធ្នូខាងមុខ ខណៈក្រុមពាណិជ្ជករ មើលឃើញឱកាសប្រហែល២៦% នៃការកាត់បន្ថយអត្រាការប្រាក់នៅដើមខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមគេហទំព័រ CME FedWatch។

តម្លៃប្រេងស្ថិតក្នុងសភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះជាង១ភាគរយ ដោយសារក្តីបារម្ភជុំវិញការពន្យារពេលនៃកិច្ចប្រជុំរបស់អង្គការបណ្តាប្រទេសនាំចេញប្រេង OPEC+ ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,៣ភាគរយដល់៨១,៦៩ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ០,៦ភាគរយដល់៧៦,៦៥ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here