កម្ពុជា និងសហភាពអឺរ៉ុប ជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម នៅទីស្តីការក្រសួង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់ក្រុមការងារសហភាពអឺរ៉ុប ដែលរួមចំណែកក្នុងការលើកកម្ពស់កសិ-ពាណិជ្ជកម្មបៃតង និងតម្លៃបន្ថែមលើផលិតផលកសិកម្ម ដើម្បីផ្តល់ផលចំណេញដល់កសិករខ្នាតតូច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី រាល់កម្មវិធីអភិវឌ្ឍទាំងអស់ទាមទារឱ្យមានកិច្ចសហការ និងសិក្សាឱ្យបានច្បាស់លាស់ និងជាពិសេសត្រូវស្របទៅតាមអាទិភាពរបស់ក្រសួង និងដើរតាមគោលនយោបាយជាតិដែលបានដាក់ចេញ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឌិត ទីណា បានលើកបញ្ជាក់បន្ថែមអំពីគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលទើបបានប្រកាសជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្មីៗកន្លងទៅថ្មីៗនេះ ហើយដែលកំពុងត្រូវការកិច្ចសហការ និងការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។
តាមរយៈកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម និងធនធានធម្មជាតិនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here