តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះ ដែលការណ៍នេះបានជំរុញឱ្យតម្រូវការមាសសម្រាប់អ្នកវិនិយោគមានការកើនឡើងខ្ពស់។

តម្លៃមាស Spot Gold បានងើបឡើង០,១% ដល់១៩៩២,៥៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល 0143 GMT បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ គឺ២០០៧,២៩ដុល្លារ ក្នុងមួយអោន កាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម១៩៩៣,៣០ដុល្លារ ក្នុងមួយអោន។

យោងតាមទិន្នន័យបានបង្ហាញថា ការ បញ្ជា ទិញ ទំនិញ ដែលអាចប្រើប្រាស់បានយូរ ផលិត នៅ សហរដ្ឋ អាមេរិក បានធ្លាក់ចុះ៥,៤% ក្នុង ខែ តុលា ដែល ជា សញ្ញា បង្ហាញថា សន្ទុះសេដ្ឋកិច្ច អាមេរិកកំពុងធ្លាក់ចុះ ខ្លាំង បន្ទាប់ ពី សម្រេចបានកំណើន ដ៏ ខ្ពស់នៅ ត្រីមាស ទី៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក(Fed)បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយថា ពួកគេនឹងបន្តធ្វើការដោយប្រុងប្រយ័ត្ន ហើយការដំឡើងអត្រាការប្រាក់អាចបន្តធ្វើឡើង ប្រសិនបើវឌ្ឍនភាពក្នុងការគ្រប់គ្រងអតិផរណាថយចុះ។

ក្រុមពាណិជ្ជកររំពឹងខ្ពស់ថា ធនាគារ Fed នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែល ក្នុងកិច្ចប្រជុំប្រចាំខែធ្នូ ប៉ុន្តែក្រុមពាណិជ្ជករបានបន្ទាបការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមគេហទំព័រ CME’s FedWatch។

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,១៣% មកនៅត្រឹម៨៨២,២៨តោនកាលពីថ្ងៃពុធ ធៀបនឹង៨៨៣,៤៣តោនកាលពីថ្ងៃអង្គារ។

តម្លៃលោហៈធាតុប្រាក់ silver Spot បានស្ថិតនៅទ្រឹងត្រឹម២៣,៦៣ដុល្លារ ក្នុង មួយ អោន ខណៈ តម្លៃផ្លាទីន មាន ការ ប្រែប្រួល តិចតួច មកនៅ ត្រឹម៩២២,៧៣ ដុល្លារក្នុងមួយអោន ហើយតម្លៃ Palladium បានធ្លាក់ចុះ០,១% ដល់១០៥៦,៦៣ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here