រដ្ឋាភិបាលកម្ពុជាដាក់ចេញកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបានដាក់ចេញនូវកញ្ចប់ថវិកាចំនួន១០០លានដុល្លារអាមេរិក ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម។

សម្តេចបានថ្លែងថា “វិស័យកសិកម្មនៅតែជាអាទិភាពរបស់យើង ហើយកញ្ចប់ជំរុញទឹកចិត្តមានគោលបំណងពង្រីកសក្តានុពលនៃវិស័យកសិកម្ម ព្រមទាំងបង្កើនផលិតកម្ម និងការប្រកួតប្រជែងរបស់យើង”។

សម្តេចបានបន្តថា “កញ្ចប់ជំរុញទឹកចិត្តនេះក៏នឹងត្រូវបានប្រើប្រាស់ផងដែរ ដើម្បីស្វែងរកទីផ្សារអន្តរជាតិថ្មីសម្រាប់ផលិតផលកសិកម្ម និងជួយរក្សាស្ថិរភាពតម្លៃនៃផលិតផលកសិកម្មដែលមានសក្តានុពលសម្រាប់កសិករ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងថា “វានឹងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពកសិករ កាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។

សម្តេចបានបន្ថែមថា រដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីកសិកម្មប្រមាណ២៥០នាក់ទៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បី ចុះជួយ កសិករ ដោយផ្ទាល់។

សម្តេចបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេរភាគីបានផ្តល់នូវលក្ខខណ្ឌអំណោយផលសម្រាប់នាំចេញផលិតផលកម្ពុជាទៅកាន់បណ្តាប្រទេសហត្ថលេខី ដែលផ្តល់នូវការអនុគ្រោះពន្ធ។

កសិកម្មគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ហើយមុខទំនិញកសិកម្មសំខាន់ៗសម្រាប់ការនាំចេញរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី មៀន ពោត និងប្រេងដូង ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here