កម្ពុជា និងមហាយក្សចិន ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការទូទាត់ និងផាត់ទាត់ជាប្រាក់យ័ន

តែម សុខុម

ប៉េកាំង: ធនាជាគាជាតិនៃកម្ពុជា (NBC) និងធនាគារកណ្ដាលចិន (PBC) កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា បានចុះអនុស្សរណៈនៃការយោគយល់ (MoU) លើកិច្ចសហប្រតិបត្តិការទូទាត់ និងផាត់ទាត់ជាប្រាក់យ័ន នៅកម្ពុជា ដោយបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

មហាយក្សចិន បាននិងកំពុងព្យាយាមបង្កើនការធ្វើចរាចរប្រាក់យ័ន ទូទាំងពិភពលោកចាប់តាំងពីឆ្នាំ២០០៩ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគ និងដើម្បីប្រជែងយកតួនាទីរបស់ប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណបម្រុងដ៏ធំបំផុតរបស់ពិភពលោក។

ក្នុងរយៈពេល២ឆ្នាំមកនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានចុះកិច្ចព្រមព្រៀងទូទាត់និងផាត់ទាត់ជារូបិយប័ណ្ណយ័ន ស្រដៀងគ្នានេះជាមួយប្រទេសប្រេស៊ីល ប្រទេសកាហ្សាក់ស្ថាន ប្រទេសឡាវ និងប្រទេសប៉ាគីស្ថាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះប្រទេសចិន ក៏បានចុះកិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណជាមួយប្រទេសប្រមាណ៤០ក្នុងទីផ្សាររីកចម្រើនយ៉ាងឆាប់រហ័សដែលក្រុមអ្នកវិភាគនិយាយថាដើរតួនាទីជាបណ្ដាញឥណទានសម្រាប់ប្រទេសទាំងនេះប្រើប្រាស់ផងដែរ។

តួយ៉ាងកាលពីថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា មហាយក្សចិន និងប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសថា ពួកគេបានចុះកិច្ចព្រមព្រៀងប្ដូររូបិយប័ណ្ណក្នុងស្រុកក្នុងទំហំ៦,៩៣ពាន់លានដុល្លារអាមេរិក។

កិច្ចព្រមព្រៀងទូទាត់ និងផាត់ទាត់ជាប្រាក់យ័ន ខាងលើនេះនឹងជួយសម្រួលឱ្យក្រុមហ៊ុននានារបស់កម្ពុជា ធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាប្រាក់យ័ន ជាមួយប្រទេសចិន កាន់តែងាយស្រួល។

លោក Pan Gongsheng ទេសាភិបាលនៃធនាគារកណ្ដាលចិន និងលោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងប្រទេសទាំងពីរផងដែរ។

យោងតាមទិន្នន័យរបស់ UN COMTRADE បង្ហាញថា ពាណិជ្ជកម្មទ្វារភាគីរវាងកម្ពុជា និងមហាយក្សចិន បានឈានដល់ទំហំ១៦,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here