ធនាគារពិភពលោកអនុម័តថវិកា ១៦៣ លានដុល្លារសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃពុធនេះបានឱ្យដឹងថា ធនាគារពិភពលោកបានអនុម័តថវិកាចំនួន១៦៣លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងការផ្គត់ផ្គង់ទឹក និងសេវាអនាម័យនៅក្នុងខេត្តចំនួន៤ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង១៧៥.០០០នាក់។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Xinhua នៅថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅឆ្នាំ២០២២ តិចជាងមួយភាគបីនៃប្រជាជនកម្ពុជាសរុបទទួលបានការផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងដោយសុវត្ថិភាព ហើយជាងមួយភាគបីបានប្រើប្រាស់អនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព។

លោកស្រី Maryam Salim នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា អះអាងថា“ជំនួយនេះនឹងជួយដល់រដ្ឋាភិបាលកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការធ្វើឱ្យសេវាសំខាន់ៗទាំងនេះមានសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ហើយវានឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងឆាប់រហ័សដល់ស្ត្រី និងប្រជាជននៅតាមតំបន់ក្រីក្រ និងជនបទ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងពន្លឿនការផ្គត់ផ្គង់ទឹក និងអនាម័យរយៈពេល៦ឆ្នាំនេះនឹងគាំទ្រដល់សកម្មភាពរបស់រដ្ឋាភិបាលក្នុងការបង្កើនលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ កែលម្អប្រតិបត្តិការ និងការថែទាំប្រព័ន្ធដែលមានស្រាប់ និងធានានូវនិរន្តរភាពនៃសេវាកម្ម។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ឱ្យដឹងថា “វិស័យទឹកគឺជាវិស័យអាទិភាពមួយសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ និងនិរន្តរភាព និងសម្រាប់ការលើកកម្ពស់សេដ្ឋកិច្ចផងដែរ”។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងអនុវត្តសកម្មភាពផ្គត់ផ្គង់ទឹក ចំណែកក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអនុវត្តសកម្មភាពអនាម័យទីក្រុង ក្រោមគម្រោងនេះ ដោយខេត្តគោលដៅរួមមាន បាត់ដំបង ពោធិ៍សាត់ មណ្ឌលគិរី និងកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here