ប្រធាន FASMEC ធានាថានឹងមិនឱ្យទំនិញក្នុងស្រុកឡើងថ្លៃឡើយ បើទោះកូវីដ១៩ បន្តរាលដាល

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ក្នុងពេលដែលជំងឺកូវីដ១៩ ហាក់មានសញ្ញាអាក្រក់ឡើងវិញ ក្រោយមានផ្ទុះជាបន្តបន្ទាប់ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋជាច្រើនហាក់បង្ហាញការព្រួយបារម្ភពីការឡើងថ្លៃទំនិញដូចកាលពីការរាលដាលដំបូង។
ប្រធានសមាគមសម្ព័ន្ធ សហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា បានធានាអះអាងថា នឹងមិនឱ្យទំនិញឡើងថ្លៃនោះទេ បើសិនជាមានការរាលដាលកូវីដ១៩ខ្លាំងក្ដី។

លោកឧកញ៉ា តែ តាំងប៉រ ប្រធានសមាគមសម្ព័ន្ធសហគ្រាសខ្នាតតូចនិងមធ្យមកម្ពុជា បានមានប្រសាសន៍ឱ្យដឹងតាមទូរសព្ទនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា មកដល់ពេលនេះ មិនទាន់មានការរំជើបរំជួលពីទំនិញឡើងថ្លៃនៅក្នុងប្រទេសកម្ពុជានោះទេ ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជាលើកទី២នេះ ហើយបើទោះបីជាមានមែន ក្នុងនាមជាសម្ព័ន្ធសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា នឹងធានាថាមិនមានការឡើងថ្លៃជាដាច់ខាត។

លោក បានបន្តថា ក្នុងនាមជាអ្នកផលិតក្នុងស្រុក មានតែសប្បាយចិត្តទៅវិញទេ នៅពេលមានបងប្អូននាំគ្នាគាំទ្រនូវផលិតផលក្នុងស្រុកច្រើន ហើយសព្វថ្ងៃនេះ ការលក់ចេញរបស់ក្រុមអ្នកផលិត គឺមិនមានការឡើងថ្លៃ ឬក៏ឆ្លៀតឱកាស ដើម្បីឡើងថ្លៃអីដែរ ជាក់ស្ដែងនៅពេលកម្ពុជា ជួបប្រទះនឹងគ្រោះទឹកជំនន់ ទាំងរដ្ឋាភិបាល និងស្ថាប័នឯកជន ទិញទំនិញក្នុងស្រុកជាច្រើន ដើម្បីចែកជូនពលរដ្ឋរងគ្រោះ ដោយមិនមានការឡើងថ្លៃពីក្រុមអ្នកផលិតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បន្ថែមថា “អ្នកផលិតក្នុងស្រុក មានតែអំពាវនាវឱ្យបងប្អូនពលរដ្ឋកម្ពុជា ជួយគាំទ្រប្រើប្រាស់ផលិតផលរបស់ជាតិ ហើយបើសិនជាមានការប្រើប្រាស់ ហើយបែរជានាំគ្នាឡើងថ្លៃនោះ វានឹងធ្វើឱ្យអាក្រក់ទៅវិញទេ។ កន្លងមក យើង បានអំពាវនាវដល់រដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធទប់ស្កាត់ការហូរចូលទំនិញពីបរទេស ដើម្បីទុកលទ្ធភាពឱ្យអ្នកផលិតក្នុងស្រុកមានឱកាសក្នុងការផលិត និងចែកចាយដល់ពលរដ្ឋក្នុងស្រុក”។

ជារឿយៗ ក្រសួងពាណិជ្ជកម្ម ដែលជាអ្នករកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ឃើញថា តែងតែចុះផ្សព្វផ្សាយពីទំនិញដោយរៀបចំការបង្ហាញផលិតផលដល់ពលរដ្ឋតាមបណ្ដាខេត្តនានា ដើម្បីឱ្យពលរដ្ឋបានស្គាល់និងគាំទ្រដល់ទំនិញក្នុងស្រុក ជួយលើកកម្ពស់ដល់ពលរដ្ឋក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here