ជប៉ុនផ្តល់ថវិកាជាង៤២ម៉ឺនដុល្លារ សម្រាប់ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន ក្នុងខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្ដល់ថវិកា ចំនួន៤២៤,៩០៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រា​ប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គូសាណូណ៌)។

ការជំនួយនេះ ធ្វើឡើងដើម្បីស្តារប្រព័ន្ធធារាសាស្ត្រ ថ្នល់ដាច់ ក្នុងខេត្តឧត្តរមានជ័យ គម្រោងសាងសង់ស្ពាន ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃថទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយលោក តានិណៃ អ៊ុំឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣។

គម្រោងដែលផ្ដល់ជំនួយ ដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចជា ទី១ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួត ក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបានគ្រប់គ្រាន់ក្នុងរដូវវស្សា។

មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹក មិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ ផ្លូវតភ្ជាប់ពីប្រព័ន្ធធារាសាស្ត្រនេះ ទៅតំបន់ដែលប្រជាជនរស់នៅ មានស្ថានភាពយ៉ាប់យឺន ដែលដាក់បន្ទុកយ៉ាងធ្ងន់ដល់កសិករ។

តាមរយៈជំនួយនេះរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ១,០០០នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកប​ដោយស្ថិរភាពពេញមួយឆ្នាំ។ លើសពីនេះ រំពឹងថាកម្រិតជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាជន នឹងមានភាពប្រសើរឡើងដោយ​សារមានការកើនឡើង នៃបរិមាណស្រូវដែលផលិតបាន នៅក្នុងតំបន់នេះ។

ទី២ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ថវិកាចំនួន ១៣៧,២០៧ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ថានបច្ចុប្បន្ន ដែលមានសភាពទ្រុឌទ្រោម។ ទោះបីមានការកើនឡើងនៃចំនួនប្រជាជន ដែលធ្វើដំណើរទៅសាលារៀន និងកន្លែងធ្វើការជារៀងរាល់ថ្ងៃ ស្ពានចាស់នេះ មានកន្លែងធ្លុះធ្លាយ ចេញដែកមកខាងក្រៅ ដែលគំរាមកំហែងដល់សុវត្ថិភាព អ្នកធ្វើដំណើរ។

លើសពីនេះឡាន និងរថយន្តសង្គ្រោះបន្ទាន់មិនត្រូវបានរអនុញ្ញា​តឱ្យឆ្លងកាត់ស្ពាននេះទេ ព្រោះស្ពាននេះមិនអាចទ្រទម្ងន់បាន និង​អា​ចរងការបាក់ស្រុត។ រំពឹងថាគម្រោងនេះ នឹងផ្តល់អត្ថប្រយោ​ជន៍ដល់ប្រជាជនមូលដ្ឋានប្រមាណ១០,០០០នាក់ តាមរយៈការផ្ដល់លទ្ធភាព ក្នុងការធ្វើដំណើរប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព។ មិនតែប៉ុណ្ណោះ ក៏រំពឹងថាតាមរយៈការផ្ដល់លទ្ធភាព ក្នុងការដឹកជញ្ចូនកសិផល ប្រាក់ចំណូលរបស់ប្រជាជននឹងមានការកើនឡើង។

ទី៣ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន១៦៨,២៧៦ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះ ដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់។ បន្ថែមពីនេះ ដោយសារចំនួនរថយន្តធុនធ្ងន់ ត្រូវបានរំពឹងថានឹងមានការកើនឡើងស្ពាន បច្ចុប្បន្ននេះ ប្រហែលមិនអាចទ្រាំទ្របានទេ ហើយជាលទ្ធផលអាចនឹងមានការបាក់ស្រុត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here