ការប្រើប្រាស់កម្ចីពីធនាគារហត្ថា ដែលមានគោលដៅច្បាស់លាស់ បានជួយពង្រីកអាជីវកម្ម និងប្រាក់ចំណូលក្នុងគ្រួសាររបស់អតិថិជន

ដោយ: គង់ លាងហួរ

ភ្នំពេញ: ការប្រើប្រាស់ដើមទុនកម្ចីពីមីក្រូហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ បានជួយអ្នកស្រី ធិន យ៉ែម  ដែលប្រកបមុខរបរជាគ្រូបង្រៀន និងកសិករ ក្នុងការពង្រីកស្រែចំការ បង្កើនចំណូលគ្រួសារ ព្រមទាំងជួយកូនៗអ្នកស្រីបានបន្តការសិក្សាផងដែរ។

ក្នុងវីដេអូដែលអ្នកស្រី បានធ្វើបទសម្ភាសន៍ជាមួយធនាគារហត្ថា អ្នកស្រី ធិន យ៉ែម បានមានប្រសាសន៍ឱ្យដឹងថា “នៅពេលចង់សាងសង់ផ្ទះ ខ្ញុំមិនមានប្រាក់គ្រប់គ្រាន់នោះទេ។ ដូច្នេះហើយ ខ្ញុំបានពិភាក្សាជាមួយស្វាមីរបស់ខ្ញុំ ដើម្បីខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួចហើយគាត់ក៏បានយល់ព្រម”។​

អ្នកស្រីបានបន្តថា “កម្ចីដំបូងគេ ដែលខ្ញុំបានខ្ចី ត្រូវបានប្រើប្រាស់សម្រាប់សង់ផ្ទះ ហើយពីមុនដីរបស់ខ្ញុំតូចណាស់។ ដូច្នេះ ខ្ញុំក៏បានសម្រេចចិត្ត ខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុជាលើកទី២ ដើម្បីទិញដី គោយន្ត ម៉ាស៊ីនបូមទឹក ហើយយកប្រាក់ដែលចំណេញបាន ពីការលក់ស្រូវ ដើម្បីទូទាត់សងធនាគារ និងពង្រីកដីបន្ថែម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីបានឱ្យដឹងទៀតថា អ្នកស្រីបានខ្ចីកម្ចីលើកទី៣ ដើម្បីយក​មកពង្រីកមុខរបរ និងបង្កើនផលិតកម្មស្រូវ និងជួលដីគេបន្ថែមទៀត រហូតកើនឡើងដល់៧ហិកតា។

អ្នកស្រីបញ្ជាក់ថា “កាលពីមុន ខ្ញុំមានតែម៉ាស៊ីនបូមទឹកចំនួន២ប៉ុណ្ណោះ ហើយពេលនេះ ខ្ញុំមានម៉ាស៊ីនបូមទឹកចំនួន៣។ ចាប់តាំងពីឆ្នាំ២០១៥ ខ្ញុំទទួលបានលទ្ធផលជាច្រើនពីការខ្ចីប្រាក់ ដូចជា ការមានផ្ទះស្នាក់នៅ មានគោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីនរាស់ដី និងឧបករណ៍ផ្សេងៗទៀត”។

អ្នកស្រីអះអាងថា នៅពេលអ្នកស្រីរកប្រាក់ចំណេញ បានពីការលក់ស្រូវ អ្នកស្រីបានទិញរថយន្តដឹកស្រូវ ដើម្បីដឹកជញ្ជូនស្រូវ នៅពេលច្រូតកាត់ ឬប្រមូលផល។

អ្នកស្រីធិន យ៉ែមបានបន្ថែមថា “នាពេលអនាគត ខ្ញុំចង់ឱ្យកូនៗពង្រីកមុខរបរបន្ត បន្ទាប់ពីពួកគេបញ្ចប់ការសិក្សា ហើយដល់ពេលនោះ ខ្ញុំត្រូវការខ្ចីប្រាក់បន្ថែម ទោះបីជាខ្ញុំមានដើមទុនមួយចំនួនយ៉ាងណាក្តី ប៉ុន្តែ ខ្ញុំនៅតែត្រូវការខ្ចីប្រាក់បន្ថែម ដើម្បីពង្រីកអាជីវកម្មឱ្យកាន់លូតលាស់ធំឡើង”។

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ថា ធនាគារហត្ថា តែងប្រកាន់ខ្ជាប់នូវក្រមសីលធ៌ម និងយកចិត្តទុកដាក់លើសុខទុក្ខរបស់អតិថិជន ព្រោះធនាគារចង់ឲ្យអតិថិជនទទួលបានជោគជ័យ ទើបយើងទទួលបានជោគជ័យទាំងអស់គ្នា។

លោកបន្តថា “ជាមួយគ្នានេះ ធនាគារបាននិងកំពុងពង្រីកសេវាកម្ម និងផ្តល់សេវាកម្មកាន់តែងាយស្រួល មានសុវត្ថិភាពដល់អតិថិជន ដើម្បីទទួលបានសេវាកម្មរបស់យើងលឿន រហ័ស និងប្រកបដោ​យទំនុកចិត្តខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here