ដោយៈ សាវុធ
ភ្នំពេញៈ និយាយដោយសាមញ្ញ ផ្សារមូលបត្រគឺជាផ្សារសម្រាប់ជួញដូរមូលបត្រ។ ហើយចុះមូលបត្រគឺជាអ្វី? មូលបត្រគឺជាកិច្ចសន្យាហិរញ្ញវត្ថុ ដែលអាចជួញដូរបាន។
កិច្ចសន្យានេះបញ្ជាក់ពីកម្មសិទ្ធិ បំណុលឬសិទ្ធិ/កាតព្វកិច្ចក្នុងការទិញ/លក់ ជាដើម។ បច្ចុប្បន្ន នៅលើផ្សារមូលបត្រកម្ពុជា មានតែមូលបត្រភាគហ៊ុនមួយមុខប៉ុណ្ណោះ ដែលត្រូវបានជួញដូរ។
មូលបត្រភាគហ៊ុន គឺជាកិច្ចសន្យាដែលបញ្ជាក់ពីភាព ជាម្ចាស់កម្មសិទ្ធិមួយផ្នែកលើក្រុមហ៊ុនមួយ។ ដូច្នេះសរុបមកវិញ ផ្សារមូលបត្រភាគហ៊ុន (ឬនិយាយដោយខ្លីថា “ផ្សារហ៊ុន”) គឺជាផ្សារដែលជួញដូរកម្មសិទ្ធិលើក្រុមហ៊ុនមួយ។
បើនិយាយឱ្យស៊ីជម្រៅជាងនេះបន្តិច ផ្សារភាគហ៊ុនចែកជាពីរដំណាក់គឺ៖ ទីផ្សារដំបូង និងទីផ្សារបន្ទាប់។
ទីផ្សារដំបូង (Primary Market)
ទីផ្សារដំបូងគឺជាទីផ្សារដែលភាគហ៊ុន(ទើបបោះផ្សាយជាសាធារណៈលើកដំបូងដោយក្រុមហ៊ុនមួយ) ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង។ បានសេចក្តីថា ជាទីផ្សារដែលវិនិយោគិនសាធារណៈទិញភាគហ៊ុន ដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ។ គឺប្រៀបបាននឹង ការទិញទំនិញមួយដោយអ្នកប្រើប្រាស់ ដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដូច្នោះដែរ។
ទីផ្សារបន្ទាប់ (Secondary Market)
វិនិយោគិនដែលទិញភាគហ៊ុននៅទីផ្សារដំបូង ហើយចង់លក់ភាគហ៊ុននោះចេញដើម្បីយកសាច់ប្រាក់មកវិញ ត្រូវលក់ភាគហ៊ុននោះទៅឱ្យវិនិយោគិនដទៃទៀត ដែលចង់ទិញភាគហ៊ុនរបស់ខ្លួន គឺមិនមែនលក់ទៅឱ្យក្រុមហ៊ុនបោះផ្សាយវិញទេ។ ការទិញលក់តទៅនេះ រវាងវិនិយោគិន(អ្នកទិញ) និងវិនិយោគិន(អ្នកលក់) ត្រូវបានគេហៅថា ជាការទិញលក់នៅទីផ្សារបន្ទាប់ គឺប្រៀបបាននឹងការជួញដូរវត្ថុ “ជជុះ” រវាងអ្នកប្រើប្រាស់ដូចគ្នាដូច្នោះដែរ គ្រាន់តែភាគហ៊ុនមិនចេះសិករិចរិលប៉ុណ្ណោះ។
ការជួញដូរនៅទីផ្សារបន្ទាប់ គឺធ្វើឡើងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)។ ផ.ម.ក. មានតួនាទីចម្បងក្នុងការផ្តល់សេវាទីកន្លែង និងប្រព័ន្ធជួញដូរ សម្រាប់វិនិយោគិនងាយស្រួលរកគ្នាឃើញ(អ្នកលក់និងអ្នកទិញ) ដើម្បីជួញដូរជាមួយគ្នា។
សូមបញ្ជាក់ជូនថា ទោះបីទិញ/លក់ភាគហ៊ុននៅទីផ្សារដំបូងក្តី នៅទីផ្សារបន្ទាប់ក្តី វិនិយោគិន ត្រូវទៅរកក្រុមហ៊ុនមូលបត្រដូចគ្នា មិនមែនទៅរកក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ឬទៅរកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)ឡើយ។ ក្រុមហ៊ុនមូលបត្រគឺជាជំនួយការរបស់វិនិយោគិន ទាក់ទងនឹងវិស័យមូលបត្រ។ ពួកគេនឹងជួយពន្យល់ និងទិញ/លក់ភាគហ៊ុនឱ្យវិនិយោគិន ដែលជាអតិថិជន ឬអតិថិជនសក្តានុពលរបស់ខ្លួន៕