អ្នកវិភាគលើកឡើងថា ការដំឡើងអត្រាការប្រាក់នឹងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារលំនៅដ្ឋាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកវិភាគលើកឡើងថា អត្រាការប្រាក់នៅក្នុងប្រទេសថៃមិនគួរត្រូវបានដំឡើងនោះទេ ពីព្រោះការធ្វើបែបនេះនឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារលំនៅដ្ឋាន ខណៈតម្រូវការកំពុងធ្លាក់ចុះស្រាប់ទៅហើយ។

លោក Therdsak Thaveetheeratham អនុប្រធានប្រតិបត្តិសម្រាប់ការស្រាវជ្រាវប្រចាំនៅក្រុមហ៊ុន Asia Plus Securities បានលើកឡើងថា សេដ្ឋកិច្ចថៃនាពេលថ្មីៗនេះបានឆ្លងកាត់ឧបសគ្គ ហើយវាត្រូវបានគេព្យាករថានឹងកើនឡើង៣,៣% នៅឆ្នាំ២០២៣នេះ។

លោក បាន បន្ត ថា “ដើម្បី សម្រេច បាន កំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,៣%សម្រាប់ឆ្នាំនេះ នោះ សេដ្ឋកិច្ច ថៃត្រូវ តែកើនឡើង ៣,៨%នៅ ឆមាស ទី ២ ហើយវាអាចទៅរួច ដោយសេដ្ឋកិច្ចនៅត្រីមាសទី៤ត្រូវបានគេរំពឹងថា នឹងមានភាពរឹងមាំបំផុតក្នុងឆ្នាំនេះ ដោយសារតែវិស័យទេសចរណ៍នៅតែបន្តកើនឡើង ហើយការនាំចេញកំពុងស្ទុះងើបឡើងវិញ”។

លោក Therdsak បានអះអាងថា នៅក្រោមកាលៈទេសៈបែបនេះ អត្រាការប្រាក់គួរតែឈប់កើនឡើង ដោយសារតែប្រាក់បាតគឺជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណដែលធន់បំផុតរបស់ពិភពលោក ប៉ុន្តែគោលនយោបាយរូបិយវត្ថុមានភាពតឹងតែងខ្លាំងពេក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Peerapong Jaroon-ek ប្រធាន សមាគមខុនដូថៃបានយល់ស្របជាមួយលោក Therdsak ដោយលើកឡើងថា ប្រទេសថៃគួរតែផ្តោតលើការទាក់ទាញមូលនិធិបរទេសតាមរយៈទេសចរណ៍ ជំនួសឱ្យការប្រឆាំងនឹងលំហូរចេញនៃមូលធន ឬការពារការធ្លាក់ថ្លៃនៃប្រាក់បាតតាមរយៈការដំឡើងអត្រាការប្រាក់។

បន្ថែមពីលើការជំរុញវិស័យទេសចរណ៍ រដ្ឋាភិបាលគួរតែលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាច្រើនជាងមួយដង ដោយទាក់ទាញពួកគេតាមរយៈការទិញអចលនទ្រព្យ ដែលការណ៍នឹងអាចរួមចំណែកយ៉ាងច្រើនដល់កំណើនGDP។

លោក Peerapong ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Origin Property ផងដែរនោះ បានមានប្រសាសន៍ឱ្យដឹងថា វិធានការដែលស្នើឡើងដោយរដ្ឋាភិបាលចាស់មានតម្រូវការច្រើនពេក។

លោកបន្ថែមទៀតថា “ដូច្នេះ រដ្ឋាភិបាលថ្មីគួរតែពិចារណាផ្តល់ទិដ្ឋាការដល់ជនបរទេសដែលទិញអចលនទ្រព្យតម្លៃ១លានបាត ឬច្រើនជាងនេះ ដោយអនុញ្ញាតឱ្យពួកគេទទួលបានទិដ្ឋាការរយៈពេល១ឆ្នាំ ក្នុងទឹកប្រាក់១លានបាត ដោយសារការស្នាក់នៅយូរនាំឱ្យការចំណាយប្រចាំថ្ងៃមានការកើនឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here