អាមេរិក និងអូស្ត្រាលី គ្រោងប្រកាសផែនការហេដ្ឋារចនាសម្ព័ន្ធរួមខ្នាតយក្សសម្រាប់បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក

ដោយៈ តែម សុខុម

ហុងកុងៈ សហរដ្ឋអាមេរិក និងអូស្ត្រាលី មានផែនការតបណ្ដាញខ្សែកាបក្រោមបាតសមុទ្រ សាងសង់កំពង់ផែ និងផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត សម្រាប់បណ្ដាប្រទេសដែនកោះប៉ាស៊ីហ្វិក។

កាសែត South China Morning Post បានចុះផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែតុលា ថា ផែនការនេះគឺជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីផ្ដល់ជម្រើសនៃការអភិវឌ្ឍ ដល់បណ្ដាប្រទេសនៅក្នុងតំបន់។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ពីររូប នៅក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា។

សេចក្ដីលម្អិតនៃផែនការនេះ នឹងត្រូវប្រកាសជាសាធារណៈអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅសប្តាហ៍នេះដែលសេតវិមាន និយាយថានឹងឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរ ចំពោះការគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានលក្ខណៈសេរីបើកចំហ មានស្ថិរភាព និងប្រកបដោយវិបុលភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ទាំងពីរ ក៏បានប្រលយពាក្យដែរថា កិច្ចព្រមព្រៀងយោធា ក៏ទំនងជានឹងត្រូវប្រកាសផងដែរ ដោយកិច្ចព្រមព្រៀងទាំងនោះពាក់ព័ន្ធប្រទេសទាំងពីរ និងប្រទេសជប៉ុន ដែលស្ថិតនៅខាងក្រៅសម្ព័ន្ធភាពសន្តិសុខត្រីភាគី Aukus (អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក)។

មន្ត្រីរដ្ឋាភិបាលមួយរូបផ្សេងទៀតបានលើកឡើងថា គម្រោងបន្ថែមទៀត ដែលត្រូវបានដាក់បញ្ចូល ក្នុងផែនការគំនិតផ្ដួចផ្ដើមរួមគ្នានេះ រួមមានទាំងការសាងសង់ផែសមុទ្រ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរចេញចូលរវាងប្រទេ​សដែនកោះប៉ាស៊ីហ្វិក មួយយចំនួនផងដែរ។

មន្ត្រីដដែលបានបន្ថែមទៀតថា “សហរដ្ឋអាមេរិក និងអូស្ត្រាលី កំពុងតែបញ្ចេញសាច់ដុំ នៅពេលនិយាយដល់សមត្ថភាព ក្នុងការផ្ដល់ជម្រើសនៃការអភិវឌ្ឍន៍ សម្រាប់បណ្ដាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”៕ South China Morning Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here