តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ី និងសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street futures បានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ ខណៈតម្លៃមូលបត្របំណុលបន្តកើនឡើង ស្របពេលមានសញ្ញាបង្ហាញថា អតិផរណារបស់សហរដ្ឋអាមេរិកនបាននិងកំពុងធ្លាក់ចុះ។

ផ្សារហ៊ុនអាមេរិក S&P 500futures បានងើបឡើង០,៤ភាគរយ ខណៈផ្សារហ៊ុន Nasdaq futures បានងើបឡើង០,៧ភាគរយ ដែលជំរុញដោយការងើបឡើងថ្លៃ៥ភាគរយនៃភាគហ៊ុនរបស់ក្រុមហ៊ុន Amazon។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦ភាគរយនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ខែកាលពីថ្ងៃព្រហស្បតិ៍។ ប៉ុន្តែ សន្ទស្សន៍នេះអាចប្រឈមការខាតបង់១,២%បើគិតប្រចាំសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានងើបឡើងថ្លៃ១ភាគរយ ប៉ុន្តែនៅតែប្រឈមការខាតបង់១,២ភាគរយសម្រាប់សប្តាហ៍នេះ។

ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានស្ថិតនៅទ្រឹង ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើង១ភាគរយ។

ផលប័ត្រនៅលើប័ណ្ណរតនាគាររយៈពេល១០ឆ្នាំរបស់អាមេរិកបានកើនឡើង២ពិន្ទុមូលដ្ឋានដល់៤,៨៦ភាគរយ បន្ទាប់ពីបានធ្លាក់ចុះអស់១០ពិន្ទុមូលដ្ឋានពេញមួយយប់។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានស្ថិតនៅទ្រឹងត្រឹម១០៦,៥៧ពិន្ទុ បន្ទាប់ពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ ពោលគឺ១០៦,៨៩ពិន្ទុ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ០,០២ភាគរយដល់១,០៥៦ដុល្លារក្នុងមួយអឺរ៉ូ ហើយរូបិយប័ណ្ណនេះ បានប្រឈមមុខនឹងការខាតបង់ប្រចាំសប្តាហ៍ប្រហែល០,៣ភាគរយ។

តម្លៃប្រេងបានកើនឡើង នៅថ្ងៃសុក្រនេះដោយបានស្ទុះងើបឡើងវិញ បន្ទាប់ពីបានធ្លាក់ថ្លៃជាង២ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

ជាក់ស្តែង តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,៥ភាគរយដល់៨៨,៣៨ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅអាមេរិក US West Texas Intermediate បានកើនឡើង០,៤ភាគរយដល់៨៣,៥៨ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here