តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹង នៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតនៅទ្រឹង នៅថ្ងៃសុក្រនេះ ខណៈក្រុមពាណិជ្ជករបានថ្លឹងថ្លែងពីផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា ធៀបទល់នឹងការរំពឹងទុកថា អត្រាការប្រាក់របស់អាមេរិកនឹងនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលយូរ។

តួយ៉ាង តម្លៃមាស Spot Gold បានស្ថិតនៅទ្រឹងត្រឹម១៩៨៤,៦៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោងសកល 0131 GMT ខណៈតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ០,២%ដល់១៩៩៤,៣០ដុល្លារក្នុងមួយអោន។

កងកម្លាំងអុីស្រាអែលបានបើកការវាយប្រហារដ៏ធំបំផុតនៅតំបន់ហ្គាហ្សាក្នុងសង្គ្រាមរយៈពេល២០ថ្ងៃរបស់ពួកគេជាមួយក្រុមហាម៉ាស់ពេញមួយយប់ ខណៈកំហឹងបានពុះកញ្ជ្រោលនៅក្នុងពិភពអារ៉ាប់ជុំវិញការវាយប្រហារតាមផ្លូវអាកាសដ៏ឥតឈប់ឈររបស់អុីស្រាអែលមកលើទឹកដីប៉ាឡេស្ទីន។

ចំណែក កំណើនសេដ្ឋកិច្ចអាមេរិកបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំ ក្នុងត្រីមាសទី៣ ដែលការណ៍នេះបានប្រឆាំងនឹងការព្រមានធ្ងន់ធ្ងរអំពីវិបត្តិសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃប្រចាំសប្តាហ៍ គិតត្រឹមថ្ងៃសុក្រនេះ ខណៈពេលដែលផលប័ត្ររតនាគារសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់០,២% បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងវគ្គមុន។

ជាមួយគ្នានេះ អ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលសន្ទស្សន៍តម្លៃនៃការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួន (PCE) របស់សហរដ្ឋអាមេរិក ដែលអាចមានឥទ្ធិពលលើកិច្ចប្រជុំគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed) នៅសប្តាហ៍ក្រោយ។

ចំណែក តម្លៃ Spot silver បានធ្លាក់ចុះ០,១% ដល់២២,៨០ដុល្លារក្នុងមួយអោន តម្លៃផ្លាទីនបានងើបឡើង០,៣% ដល់៩០២,៧២ដុល្លារក្នុងមួយអោន ហើយតម្លៃប៉ាឡាដ្យូម palladium បានធ្លាក់ចុះ០,១% ដល់១១៣២,១១ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here