ចំណូលអ្នកប្រកបរបរក្រៅប្រព័ន្ធ ចាប់ផ្ដើមប៉ះពាល់ឡើងវិញ ក្រោយរដ្ឋាភិបាលប្រកាសបិទអាជីវកម្មមួយចំនួនជាថ្មី

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក្រោយមនុស្សជាង១ពាន់នាក់បានប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី រដ្ឋាភិបាលកម្ពុជា បានសម្រេចបិទអាជីវកម្មមួយចំនួនជាថ្មី ដែលជាប្រមូលផ្ដុំមនុស្សម្នាច្រើន ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត និងសារមន្ទីរ។

ការបិទនូវអាជីវកម្មទាំងនេះ និងសញ្ញាណរលកទី២ សម្រាប់កម្ពុជា កំពុងប្រឈមនោះ អ្នកប្រកបរបរក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បី រត់ម៉ូតូឌុប និងអ្នកលក់ដូរចល័តជាដើម កំពុងប្រឈមនឹងការបាត់បង់ចំណូលឡើងវិញ បន្ទាប់ពីចំណូលពួកគាត់ហាក់ប្រសើរក្រោយស្ថានភាពកូវីដ១៩នៅកម្ពុជាធូរស្រាលប៉ុន្មានខែកន្លងមក។

លោកប៊ុន នី អ្នករត់កង់បីមួយរូបនៅខេត្តព្រះសីហនុ បាននិយាយថា រយៈពេលប៉ុន្មានថ្ងៃនេះ សកម្មភាពចរាចរណ៍ក្នុងខេត្តព្រះសីហនុ ចាប់ផ្ដើមថមថយឡើងវិញ បន្ទាប់ពីមានដំណឹងថា មានមនុស្សជាច្រើនកំពុងធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ជាមួយនឹងមន្ត្រីជាន់ខ្ពស់ប្រទេសហុងគ្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកនិយាយថា អាជីវកម្មមួយចំនួននៅកំពង់សោម បានបិទឡើងវិញ ក្រោយការប្រកាសរបស់រដ្ឋាភិបាល ហើយចំណូលរបស់ក្រុមអ្នករត់កង់បីដូចគ្នានៅកំពង់សោមក៏បានធ្លាក់ចុះខ្លាំង ព្រោះមិនមានភ្ញៀវជិះដូចមុនទៀតទេ។

អ្នករត់កងបីជាច្រើន ដូចរូបលោក កំពុងតែបារម្ភពីការធ្លាក់ចុះចំណូល ហើយក៏ជាហានិភ័យមួយក្នុងការរកប្រាក់ ដើម្បីបង់ទៅធនាគារផងដែរ។

លោក បានបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឃើញថា សកម្មភាពចរាចរណ៍ និងសកម្មភាពអាជីវកម្មដទៃទៀត បានកម្រើកឡើងវិញបន្តិច បន្ទាប់ពីវាបានស្ងប់ស្ងាត់តាំងពីអំឡុងចូលឆ្នាំខ្មែរ ក៏ប៉ុន្តែមកដល់ពេលនេះសញ្ញានៃភាពស្ងប់ស្ងាត់ក៏ចាប់ផ្ដើមឡើងវិញ បន្ទាប់ពីមានដំណឹងថា មានអ្នកឆ្លងកូវីដនៅក្នុងស្រុក។ ពលរដ្ឋនៅខេត្តព្រះសីហនុ មិនសូវចេញដើរដូចមុនទេ ព្រោះគេការពារខ្លួនគេដែរ ដូច្នេះអ្នកដឹកជញ្ជូនក៏មិនមានអ្វីត្រូវដឹកដែរ។

លោកវន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពទើបតែកើតឡើងថ្មីៗ នៃការឆ្លងក្នុងប្រទេស ហើយរដ្ឋាភិបាលក៏ទើបប្រកាសបិទអាជីវកម្មមួយចំនួនភ្លាមៗនេះដែរ ផលប៉ះពាល់មិនទាន់ជាធំដុំទេ ក៏ប៉ុន្តែបើសិនជាស្ថានភាពនេះកាន់តែធ្ងន់ ហើយរដ្ឋាភិបាលបិទទីប្រជុំជន កន្លែងទេសចរណ៍ផ្សេងៗ ផលប៉ះពាល់ទៅលើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចនឹងប៉ះពាល់ធ្ងន់ធ្ងរជាងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here