ប្រធាន IMF: សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់បានជះផលប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់រួចទៅហើយ

ដោយៈ តែម សុខុម

រីយ៉ាដៈ សង្រ្គាមដ៏ក្ដៅគគុករវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងជះផលប៉ះពាល់ដល់សេដ្ឋកិច្ច នៃបណ្ដាប្រទេសជិតខាងរួចទៅហើយ។

នេះបើយោងតាមនាយកគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានថ្លែងប្រាប់វេទិកាវិនិយោគិនមួយ នៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃពុធ ២៥ ខែតុលា។

លោកស្រី Kristalina Georgieva បានថ្លែងក្នុងវេទិកាគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត (FII) ក្នុងរាជធានីរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត ថា “បើក្រឡេកមើលទៅបណ្ដាប្រទេសជិតខាង ដូចជាអេហ្ស៊ីប លីបង់ ហ្ស៊កដានី ជាដើម គឺយើងមើលឃើញផលប៉ះពាល់រួចទៅហើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមអាជ្ញាធរអ៊ីស្រាអែលបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធហាម៉ាស (Hamas) នៃទឹកដីប៉ាឡេស្ទីន បានបើកការវាយប្រហារដ៏រន្ធត់មួយ ទៅលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានផ្ដាច់ជីវិតមនុស្សជាង១.៤០០នាក់ និងចាប់ចំណាប់ខ្មាំងចំនួន២២២នាក់។

ប្រទេសអ៊ីស្រាអែល បានឆ្លើយតបវិញជាមួយនឹងការវាយប្រហា​រតាមផ្លូវអាកាស ផ្លូវគោក និងសមុទ្រ ដោយបានបិទខ្ទប់ផ្លូវអាកាសនៃតំបន់ហ្គាហ្សា (Gaza) ទីដែលក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា គិតមកទល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីន ដែលបានបាត់បង់ជីវិតមានចំនួន៥.៧៩១នាក់។

លោកស្រី Kristalina Georgieva បានលើកឡើងបែបនេះមួយថ្ងៃ បន្ទាប់ពីក្រុមឥស្សរជន នៅសង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ ក្នុងទីក្រុងញូវយ៉ក Wall Street បានប្រាប់វេទិការខាងលើនេះថា សង្រ្គាមនេះ អាចជះផលប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រសិនបើវារាលដាល ទៅប្រទេសផ្សេងទៀត៕ AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here