តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១១ខែនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលផលប័ត្ររតនាគារ និងប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃខ្ពស់។

សន្ទស្សន៍ភាគហ៊ុន អាស៊ី ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ២ភាគរយ ហើយផ្សារហ៊ុន Hang Seng បានធ្លាក់ថ្លៃចុះ០,៨ភាគរយ។

ចំណែក ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១ឆ្នាំ ដោយសារអត្រាអតិផរណាដ៏ខ្ពស់នៅត្រីមាសទី៣ បានជំរុញការរំពឹងទុកថា ធនាគារកណ្តាលអូស្ត្រាលីអាចនឹងដំឡើងអត្រាការប្រាក់នៅខែក្រោយនេះ។

ជាក់ស្តែង សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 បានធ្លាក់ថ្លៃចុះ០,៧ភាគរយ មកនៅត្រឹម៦៨៥៤,២០ពិន្ទុ នៅក្នុងការជួញដូរដំបូង ដែលតួលេខនេះជាកម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងទីផ្សាររូបិយប័ណ្ណវិញ គេសង្កេតឃើញថា សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍ ពោលគឺ១០៦,៧៧ពិន្ទុ។

ចំណែក ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ថ្លៃចុះលើសពី១៥០យ៉េន ក្នុងមួយដុល្លារ ដែលធ្វើឱ្យក្រុមពាណិជ្ជករមានការភ័យខ្លាចថា អាជ្ញាធរជប៉ុនអាចនឹងចូលធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីស្តារតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ខ្លួនឡើងវិញ។

ជាមួយគ្នានោះ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ។ តួយ៉ាង តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ០,១៥ភាគរយ មកនៅត្រឹម៨៥,២៦ដុល្លារក្នុងមួយបារ៉ែល។ចំណែក តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់៩០,០៥ដុល្លារក្នុងមួយបារ៉ែល។

 

LEAVE A REPLY

Please enter your comment!
Please enter your name here